ការប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ជាវេទិកាមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ

ការប្រកួតកីឡា តេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ មិនត្រឹមតែ ជាការប្រកួតប្រជែង កីឡាប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជា វេទិកាមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងការពង្រឹង កិច្ចសហប្រតិបត្តិការរវាង បណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដទៃទៀត ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានសហព័ន្ធកីឡា តេក្វាន់-ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ក្នុងឱកាសជួបប្រជុំជាមួយ Grand Master Professor RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណ Grand Master Professor RI YONG SON ដែលបានអញ្ជើញមកពីចម្ងាយ និងផ្តល់ជាកិត្តិយសចូលរួមក្នុងកម្មវិធីប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅនៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF របស់ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម ដែលបានអនុញ្ញាត និងបញ្ជូនកីឡាករ កីឡាការិនី ចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវការសោកស្តាយ ចំពោះអវត្តមានរបស់ក្រុមកីឡាតេក្វាន់-ដូ ITF ថៃ ដោយសារតែភាពតានតឹងផ្នែកនយោបាយរវាងប្រទេសទាំង២ ។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានផ្តល់ការគាំទ្រកីឡាតេក្វាន់-ដូ ITF ជាពិសេសកម្មវិធីប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីកម្រិតអាស៊ីអាគ្នេយ៍នេះ អាចប្រព្រឹត្តទៅបាន គឺកើតចេញពីកត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕