ការធ្វើជំរឿនមន្រ្តីរាជការក្នុងក្របខណ្ឌគ្រូបង្រៀន ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ 

ក្រុមការងារជំនាញនៃ ក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមចុះអនុវត្តការងារជំរឿនមន្ត្រីរាជការជាបន្តបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារជំនាញបានចុះធ្វើជំរឿនមន្រ្តីរាជការក្នុងក្របខ័ណ្ឌគ្រូបង្រៀន និងមន្ត្រីតាមគ្រឹះស្ថានសិក្សាសាធារណៈ ជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពអប់រំយុវជននិងកីឡា ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ជាក់ស្ដែងសម្រាប់ការងារការចុះធ្វើជំរឿនគ្រូបង្រៀននិងមន្ត្រីតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃនេះ គឺអនុវត្តនៅវិទ្យាល័យ សម្ដេចហ៊ុនសែន ភ្នំពេញថ្មី ក្នុង នោះមានគ្រូបង្រៀន និងមន្ត្រីតាមគ្រឹះស្ថានសិក្សាសាធារណៈមកពីសាលាចំនួន ៦ ដែលត្រូវមកធ្វើជំរឿននៅទីតាំងនេះមានដូចជា ÷ ១.វិទ្យាល័យ សម្ដេច ហ៊ុនសែន ភ្នំពេញថ្មី ២.សាលាបឋមសិក្សាភ្នំពេញថ្មី ៣.វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ៤.សាលាបឋមសិក្សាក្រាំងធ្នង់ ៥.សាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិនឃ្មួញ និង៦.សាលាបឋមសិក្សាត្រពាំងស្វាយ សរុបមន្ត្រីបុគ្គលិកដែលត្រូវបំពេញកាតព្វកិច្ចធ្វើជំរឿនមានចំនួន ៣៧២នាក់ ដោយចែកចេញជា២វេន គឺវេនព្រឹកនិងវេនរសៀល ដែលតម្រូវឲ្យគ្រូបង្រៀន និងមន្រ្តីតាមគ្រឹះស្ថានសិក្សាសាធារណៈត្រូវបង្ហាញវត្តមាន ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ផ្តិតស្នាមខ្ចៅម្រាមដៃ និងថតរូបផងដែរ។ 

ជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានបំពេញការងារជាច្រើនជាបន្តបន្ទាប់ ចាប់តាំងពីការបោះជំហានចូលនៃរាជរដ្ឋាភិបាលនីតិកាលទី ៧ ។ ចាប់ផ្ដើមដំបូងដោយការកែលម្អរប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការវិភាគមុខងារ និងហេដ្ឋារចនាសម័្ពន្ធតាមក្រសួងស្ថាប័ន និងការងារបន្ទាប់ជាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដែលអនុវត្តនាពេលនេះ។ 

ការអនុវត្តការងារជំរឿនចាប់ផ្ដើមដំបូងនៅតាមក្រសួងស្ថាប័ន រួចបន្តការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿនលើមន្ត្រីបម្រើការនៅតាមអង្គភាពសុខាភិបាលសាធារណៈ។ 

សម្រាប់ការចាប់ផ្ដើមដំណើរការជំរឿននេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ធ្លាប់មានប្រសាសន៍បានលើកឡើងថា នេះជាការងារដែលនឹងប្រមូលទិន្នន័យមន្ត្រីជាក់ស្ដែងកាន់តែច្បាស់លាស់ និងមានការឯកភាពគ្នាពីរចនាសម័្ពន្ធ និងមន្ត្រីបម្រើការងារជាក់ស្ដែងនៅតាមអង្គភាព។ 

នេះជាទិន្នន័យមូលដ្ឋានសំខាន់សម្រាប់ឈានទៅការដោះស្រាយបញ្ហាខ្វះមន្ត្រីតាមរយៈការប្រឡងជ្រើសរើសដើម្បីទៅបំពេញបន្ថែមសម្រាប់វិស័យទាំងពីរឱ្យចំគោលដៅ។ នេះជាចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព និងលើកកម្ពស់សេវាសាធារណៈនៅមូលដ្ឋាន។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២៥កន្លងទៅថ្មីៗនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីទៅបំពេញការខ្វះខាតមន្ត្រីផងដែរ។