ការថែរក្សាមរតកសិល្បៈ មិនមែនជាភារកិច្ចរបស់បុគ្គល ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា

ការថែរក្សាមរតកសិល្បៈ មិនមែនជាភារកិច្ច របស់បុគ្គល ឬស្ថាប័ន ណាមួយនោះទេ ប៉ុន្តែ ជាការទទួលខុសត្រូវ រួមរបស់ប្រជាពលរដ្ឋ ទាំងអស់គ្នា ក្នុងការចូលរួមគាំទ្រ ស្រាវជ្រាវ និងអភិរក្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងមានមោទនភាពចំពោះអត្តសញ្ញាណជាតិ។

នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តទេសរដ្ឋមន្រ្តី ប៉ែន វិបុល ក្នុងឳកាសចូលរួមជាអធិបតីក្នុងពីធីបើកមហោស្របសិល្បៈដំណើរខ្មែរលើកទី២ ក្រោមប្រធានបទ «មរតកមាសតារា គង់ សំអឿន» នៅរាជបណ្ឌិតសភាកម្ពុជា។

បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី ប៉ែន វិបុល បានបញ្ចាក់ថាប្រធានបទ«មរតកមាសតារា គង់ សំអឿន» គឺរំលឹកឡើងវិញនូវយុគសម័យមាសនៃភាពយន្តខ្មែរ និងអំពាវនាវឲ្យយើងរួមគ្នាអភិរក្សមរតកសិល្បៈជាតិ ដោយរំលឹកនូវអនុស្សាវរីយ៍នៃយុគសម័យមាសនៃសិល្បៈ និងភាពយន្តខ្មែរ នាអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០។ នៅក្នុងសម័យកាលនោះ លោក គង់ សំអឿន គឺជាតារាភាពយន្តដ៏ឆ្នើម ជានិមិត្តរូបនៃយុវជន និងជាអ្នកលើកស្ទួយវិស័យភាពយន្ត និងអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់តំបន់ និងសកលលោក។

ទោះជាយ៉ាងណា សិល្បៈ និងតារាភាពយន្តខ្មែរជាច្រើន ត្រូវបានទទួលរងការកាប់សម្លាប់ និងបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងរបបខ្មែរក្រហម។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យសិល្បៈ និងវប្បធម៌ត្រូវបានស្តារឡើងវិញ និងទទួលបានការយកចិត្តទុកដាក់លើការអភិរក្ស ការអភិវឌ្ឍ ការបណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ និងការផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស។

ជាមួយគ្នានោះលោក វិរៈ វារនី ក្រុមដំណើរខ្មែរ បានបញ្ជាក់ថា មហោស្របសិល្បៈដំណើរខ្មែរ ត្រូវបានរៀបចំឡើងដើម្បីលើកតម្កើង និងស្រាវជ្រាវចងក្រងឡើងវិញនូវមត៌កសិល្បៈភាពយន្ត និងបទចម្រៀងកម្ពុជានាអំឡុងមុនឆ្នាំ ១៩៧៥។ នៅក្នុងព្រឹត្តិការណ៍នេះ លោក គង់ សំអឿន ត្រូវបានរំលេចថាជា និមិត្តរូបនៃភាពយន្តខ្មែរ ដោយលោកបានសម្ដែងក្នុងខ្សែភាពយន្តរហូតដល់ ១៣៥ រឿង និង ១៥ រឿងទៀតមិនទាន់ថតចប់ ក្នុងចន្លោះឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧៥។ នៅក្នុងមហោស្របភាពយន្តនាឆ្នាំ ១៩៦៩ លោក គង់ សំអឿន បានទទួលពានរង្វាន់ជា «តារាជាទីស្នេហានៃមហាជន» ស្របពេលជាមួយគ្នានោះលោក ស៊ីន ស៊ីសាមុត ក៏បានទទួលពានរង្វាន់ជាតារាចម្រៀងសំឡេងមាសនាគ្រានោះផងដែរ។

បើតាមលោក វិរៈ វារនី ៖ ស្នាដៃ និងកិត្យានុភាពរបស់លោក គង់ សំអឿន មិនត្រឹមតែល្បីល្បាញនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលទៅលើប្រទេសជិតខាង (ប្រទេសសៀម) ដែលបានចម្លងតាមនូវបច្ចេកទេស និងរបៀបរបបនៃការថតភាពយន្តរបស់ខ្មែរ។

សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍មហោស្របដ៏ធំមួយនេះ ទទួលបានកិត្តិយស និងការឧបត្ថម្ភគាំទ្រយ៉ាងខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចវិបុលសេនាភក្តី សាយ ឈុំ, ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល (ដែលជាអ្នកគាំទ្រ និងផ្តល់ថវិកាដំបូងគេដល់ក្រុមដំណើរខ្មែរ), និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមសហការ និងឧបត្ថម្ភពីក្រុមហ៊ុន ផលិតកម្ម និងគ្រឹះស្ថានសិក្សាជាច្រើន៕