ការដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ សណ្ឋាគារ Apsara Resort ដែលមានទីតាំងស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានសម្ពោធដាក់ឱ្យដំណើរការ
ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាល រងខេត្ត ប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុងស្តីទី និងភ្ញៀវជាតិ អន្តរជាតិ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថាការសម្ពោធដាក់ ឱ្យដំណើរការសណ្ឋាគារ Apsara Resort នៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ហើយបាននឹងកំពុងបំពេញតួនាទីជាប៉ូលទេសចរណ៍ដ៏មានសារៈសំខាន់ ជាតំបន់ស្នូល នៃឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ដោយមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា នេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើក កម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីក ចម្រើនជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោ លនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសបន្តជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្តក៏ដូចជាការរៀបចំ និងការដាក់ចេញនូវគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង និងជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឱ្យមានសន្តិភាព និងជាស្ពានមេត្រីក្នុងការចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយរាក់ទាក់គ្នាទៅវិញទៅមក។ ចំណុចខ្លាំងដ៏ធំបំផុតរបស់វិស័យទេសចរណ៍ក្រៅពីអានុភាពសេដ្ឋកិច្ច គឺវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នា បង្កើតបានទៅជាមាគ៌ាសន្តិភាពស្របទៅតាមអនុសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាគឺ «អរគុណសន្តិភាព មានសន្តិភាព ទើបមានអ្វីៗទាំងអស់»។
លោកស្រី អ៊ុវ៉ុនណា ឃ្មីសុក (IWONA KMIECIK) នាយកប្រតិបត្តិសណ្ឋាគារ Apsara Resort មានប្រសាសន៍ស្វាគមន៍សម្រាប់ការសម្ពោធរមណីយដ្ឋានអប្សរាដ៏ស្រស់ស្អាតកោះរ៉ុង រួមជាមួយនឹងសមាជិក ៤០នាក់ ការបង្កើតរមណីយដ្ឋានអប្សរាកោះរ៉ុង ជាសញ្ញាដ៏អស្ចារ្យនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាបន្តរីកចម្រើន ជាពិសេស នៅលើកោះរ៉ុង ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ។ កោះរ៉ុងពិតជា “ឋានសួគ៌លាក់កំបាំង” នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនិងឆ្នេរស្អាត ទឹកថ្លា វាជាសសរស្តម្ភទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ទាក់ ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីនៃពិភព លោកមកកាន់កោះរ៉ុងយ៉ាងងាយស្រួល និងរលូន នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនដែលកំពុង ស្វែងរកផាសុកភាព ភាពស្ងប់ស្ងាត់ និង ស្តង់ដារ អន្តរជាតិ។ លោកស្រី ជឿជាក់ថា Apsara Resort នឹងក្លាយជាកន្លែងពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដោយផ្តល់នូវកន្លែងកម្សាន្តដ៏ប្រណិត និងជាមូលដ្ឋានដ៏ល្អឥតខ្ចោះ និងការស្វែងយល់ពីភាពស្រស់ស្អាតរបស់កោះរ៉ុង និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា៕