នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តតាកែវ បានសហការជាមួយរដ្ឋបាលស្រុកកោះអណ្តែត អាជ្ញាធរឃុំពេជ្រសារ បានរៀបចំជំរុញសកម្មភាពបណ្តុះផ្នត់គំនិតស្អាតនៅកម្ពុជា តាមរយៈការអនុវត្តយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»នៅតាមមូលដ្ឋាន ដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រ លេខ៩៥។ យុទ្ធនាការ មានការចូលរួមសម្របសម្រួល ពីមន្ទីរបរិស្ថានខេត្តតាកែវ និងមានការចូលរួមពី លោក ស៊ុម ម៉ាណែត ប្រធានប្រតិបត្តិសមាគមកសិករ ដើម្បីអភិវឌ្ឍនជីវភាព ព្រមទាំងសហការី និង លោកគ្រូ អ្នកគ្រូសិស្សនុសិស្ស អនុវិទ្យាល័យ សុខអាន ព្រៃធំ សរុបចំនួន ៣២០នាក់ ដោយបានធ្វើការសំអាត និងប្រមូលទុកដាក់សំរាមនិងសំណល់ប្លាស្ទិកតាមដងផ្លូវ ក្នុងមូលដ្ឋាន បានចំនួន ២.៥ តោន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមសាមគ្គីគ្នា អនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមថ្លែងអំណរព្រះគុណ និងអរគុណជាថ្មី ដល់ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងេកជន សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ កងម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានចូលរួមយ៉ាងផុសផុល ជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈសកម្មភាពលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន និងតាមបណ្តាផ្លូវជាតិទូទាំងប្រទេស ឱ្យមានភាពស្រស់ស្អាត មានអនាម័យ មានខ្យល់អាកាសល្អ សណ្តាប់ធ្នាប់ល្អ ការស់នៅប្រកបដោយផាសុខភាព ព្រមទាំងមានការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាសកម្មភាពនៃការចូលរួមសាមគ្គីគ្នា ក្នុងការបណ្តុះគំនិតឱ្យស្រឡាញ់បរិស្ថាន បានបង្ហាញឱ្យឃើញពីសកម្មភាពធ្វើការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ការថែរក្សាអនាម័យស្អាត សោភ័ណភាពល្អ មានសុខភាពល្អ និងមានបរិស្ថានស្អាតនៅតាមមូលដ្ឋាន ក្នុងដំណើរផ្លូវឆ្ពោះទៅអនាគតកម្ពុជា មានភាពស្អាត ភាពបបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕