ការគំរាមកំហែងធ្វើសង្គ្រាមតាមព្រំដែនរវាងភាគីឥណ្ឌា-ប៉ាគីស្ថាន កំពុងធ្វើឲ្យតំបន់ទេសចរណ៍ដ៏ល្បីៗរបស់ពួកគេធ្លាក់ចុះជាគំហុកមិនធ្លាប់ជួប្រទះ  

ជ្រលងភ្នំ Neelum នៅភាគខាងជើងប្រទេសប៉ាគីស្ថានគឺជាទីកន្លែងដ៏ទាក់ទាញអ្នកទេសចរប្រហែលជា៣០ម៉ឺននាក់រៀងរាល់ឆ្នាំក្នុងរដូវក្តៅម្តងៗ ដោយសារតែវាមានសម្រស់ធម្មជាតិដ៏គួរឲ្យភ្ញាក់ផ្អើលដែរ។ ប៉ុន្តែការគំរាមកំហែងនៃសង្គ្រាមតាមព្រំដែនជាមួយប្រទេសឥណ្ឌា ប៉ាគីស្ថាន ក្បែរខាងគ្នាកំពុងធ្វើឲ្យទីតាំងនោះក្លាយជាតំបន់ក្តៅគគុកក្រោយពីខ្មាន់កាំភ្លើងបាញ់អ្នកទេសចរណ៍ឥណ្ឌា២៨នាក់ បណ្តាលឲ្យ២៦នាក់ស្លាប់ ក្នុងទីក្រុងរមណីយដ្ឋាន Pahalgam ដែលគ្រប់គ្រងដោយឥណ្ឌា និងបង្កឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ ដែលជាប្រទេសខ្លាំងខាងផលិតអាវុធនុយក្លេអ៊ែរដូចគ្នា បន្ទាប់មកឥណ្ឌាបានស្តីបន្ទោសប៉ាគីស្ថានសម្រាប់ការវាយប្រហារនេះ ប៉ុន្តែប៉ាគីស្ថានបានបដិសេធ។

ជ្រលងភ្នំ Neelum មានចម្ងាយតិចជាង៣គីឡូម៉ែត្រ ពីបន្ទាត់ព្រំដែនដែលគ្រប់គ្រងដោយភាគីទាំងពីរ និងជាព្រំដែនដែលខ័ណ្ឌចែកតំបន់គ្នា នៅតំបន់ជម្លោះកាស្មៀរថែមទៀត ដែលវាងាយនឹងធ្វើឲ្យរងគ្រោះខ្លាំងណាស់សម្រាប់សកម្មភាពយោធាណាមួយដែលបានកើតឡើង។ ម្ចាស់សណ្ឋាគារជ្រលងភ្នំដ៏ល្បី Rafaqat Hussain បាននិយាយថា៖ វិបត្តិនៅពេលនេះបាននឹងកំពុងប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍យ៉ាងខ្លាំង ដោយសារស្ថានភាពភាពតានតឹងរវាងប៉ាគីស្ថាននិងឥណ្ឌាបច្ចុប្បន្ន ធ្វើឲ្យចំនួនអ្នកទេសចរធ្លាក់ចុះកម្រិតទាបមែនទែន មិនធ្លាប់មាន”។ អាជ្ញាធរនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាបានបិទជាបណ្តោះអាសន្ននូវរមណីយដ្ឋានទេសចរណ៍រាប់សិបកន្លែង បន្ទាប់ពីការវាយប្រហារ ដើម្បីបង្កើនការប្រុងប្រយ័ត្ន។ ប៉ុន្តែសម្រាប់ភាគីនៃអាជ្ញាធរប៉ាគីស្ថានវិញគឺគ្មាបញ្ហាអ្វីនោះទេ ដោយសារប្រទេសប៉ាគីស្ថានធ្លាប់ជួយអ្នកស្រុកកសាងលេណដ្ឋាននៅជិតផ្ទះរបស់ពួកគេទុករួចជាស្រេចប្រសិនស្ថិតក្នុងពេលបាញ់ប្រហារគ្នាឆ្លងព្រំដែនណាមួយ បើទោះបីជាចំនួនប្រជាជនកើនឡើង ហើយខ្វះជម្រកតិចតួចក្តី៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ