ការកំណត់អត្តសញ្ញាណជនរងគ្រោះទាំង៦៩នាក់ពីហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅប្រទេសអេស្ប៉ាញបិទបញ្ចប់ហើយ! ខណៈ២៩នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

អាជ្ញាធរបានឱ្យដឹងថា ជនរងគ្រោះទាំង៦៩ នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នាកាលពីសប្តាហ៍មុន នៅតំបន់ Urda ភាគកណ្តាលប្រទេសអេស្ប៉ាញ ត្រូវបានកំណត់អត្តសញ្ញាណរួចអស់ហើយ ខណៈដែលមនុស្ស ២៩ នាក់ផ្សេងទៀតដែលរងរបួស នៅតែបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ មជ្ឈមណ្ឌលទិន្នន័យរួម (Integrated Data Center – CID) របស់អេស្ប៉ាញ បានបញ្ជាក់ថា ចំនួនមនុស្សស្លាប់បណ្តោះអាសន្ននៅតែរក្សាចំនួនចំនួន៦៩នាក់ដដែល ដោយក្នុងនោះរួមមានជនជាតិអេស្ប៉ាញ៥៤នាក់ និងជនបរទេស១៥នាក់។ ជនរងគ្រោះទាំងអស់សុទ្ធតែជាមនុស្សពេញវ័យ ដោយមានបុរស ៤០ នាក់ និងស្ត្រី ២៩ នាក់។ ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិអាមេរិក៤នាក់, អូស្ត្រាលី២នាក់, ជប៉ុន២នាក់ និងជនជាតិអាហ្សង់ទីន, កាណាដា, សាធារណរដ្ឋឆែក, បារាំង, ម៉ិកស៊ិក, ព័រទុយហ្គាល់ និងទុយនីស៊ីចំនួនម្នាក់ផងដែរ។ វិទ្យាស្ថានវេជ្ជសាស្ត្រច្បាប់ និងវិទ្យាសាស្ត្រកោសល្យវិច័យ (Institute of Legal Medicine and Forensic Sciences) ប្រចាំនៅទីក្រុង Toledo និង Ciudad Real បានបញ្ចប់ដំណើរការកំណត់អត្តសញ្ញាណក្នុងហេតុការណ៍នេះរួចរាល់ហើយ។ ក្នុងចំណោមជនរងគ្រោះទាំង៦៩នាក់ គឺ៥៦នាក់ត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការវិភាគស្នាមម្រាមដៃ ដែលធ្វើឡើងដោយផ្នែកកោសល្យវិច័យនៃកងកម្លាំងប៉ូលិសស៊ីវិល (Civil Guard) ចំណែក១៣នាក់ទៀត ត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA ដោយវិទ្យាស្ថានជាតិពុលវិទ្យា (National Institute of Toxicology)។ ក្រុមគ្រួសារនៃជនរងគ្រោះទាំង ៦៩ នាក់ ត្រូវបានជូនដំណឹងអំពីលទ្ធផលនៃការកំណត់អត្តសញ្ញាណនេះរួចហើយ ខណៈដែលការិយាល័យកុងស៊ុលពាក់ព័ន្ធក៏ត្រូវបានជូនដំណឹង ក្នុងករណីដែលពាក់ព័ន្ធនឹងជនបរទេស។ ទន្ទឹមនឹងនេះរដ្ឋបាលតំបន់ Castilla-La Mancha បានរាយការណ៍ថា មនុស្ស២៩នាក់ដែលរងរបួសក្នុងហេតុការណ៍នេះ នៅតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន៤ទីតាំង ដោយក្នុងនោះ ៩ នាក់ស្ថិតនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ (ICU) និង ២០នាក់ទៀតស្ថិតនៅក្នុងបន្ទប់ព្យាបាលទូទៅ។ យោងតាមអាជ្ញាធរសុខាភិបាលតំបន់ ក្នុងចំណោមអ្នកជំងឺ ១១០នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន៦ កាលពីដំបូងនោះមាន៨១នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញហើយ។ អ្នកជំងឺចំនួន៩នាក់ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យនានាក្នុងទីក្រុងម៉ាឌ្រីដ (Madrid) (រួមទាំងម្នាក់ទៀតដែលត្រូវបានបញ្ជូនទៅកាលពីថ្ងៃចន្ទ) ខណៈម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់តំបន់ Andalusia។ ការងារដោះស្រាយនៅកន្លែងកើតហេតុមានដំណើរការល្អ។ ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញ EFE ដោយដកស្រង់ប្រភពពីកងកម្លាំងប៉ូលិសស៊ីវិល (Civil Guard) បានរាយការណ៍ថា ទូររថភ្លើងទាំងអស់នៃរថភ្លើងទាំង ២គ្រឿងបុកគ្នាក្នុងហេតុការណ៍នេះជាប្រតិបត្តិការផលិតដោយក្រុមហ៊ុន Iryo និងក្រុមហ៊ុនផ្លូវដែកជាតិអេស្ប៉ាញ៕

សម្រួលអត្ថបទ៖ សុផារិន្ទ