ការកែទម្រង់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ជាជំហានឆ្ពោះទៅរកភាពស្អាតស្អំ ប្រសិទ្ធភាព និងការជឿទុកចិត្ត

ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគ.វ.រ. បានអញ្ជើញថ្លែងសុន្ទរកថាបើក វេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល។ វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា និងសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

ក្នុងប្រសាសន៍បើកវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាល បាន និងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាល ឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច សំដៅធានាដល់ការលើកកម្ពស់អភិបាលកិច្ចនៃគ្រប់ស្ថាប័ន គ្រប់ជាន់ថ្នាក់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្ត។

ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តនូវ៖ (១)ការពង្រឹង និងការកែទម្រង់ស្ថាប័ន, (២)ការលើកកម្ពស់សមត្ថភាពធនធាន មនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ, (៣)ការលើកកម្ពស់ និងការ ពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និង (៤)ការលើកកម្ពស់ និងការ ពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌។ រាជរដ្ឋាភិបាលនីតិកាលកន្លងមក និងជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន គួរជាទីមោទនៈ រួមចំណែកដល់ការពង្រឹង និងលើកកម្ពស់គុណភាពស្ថាប័នសាធារណៈ ព្រមទាំងប្រព័ន្ធអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឈរលើមូលដ្ឋាននៃវឌ្ឍនភាពនៃការអនុវត្តនេះ ទើបវេទិកាកែទម្រង់ត្រូវបានរៀបចំឡើងនាថ្ងៃនេះ ដោយមានគោលបំណងដើម្បី៖ (១)បង្ហាញ និងផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយដល់សាធារណជន អ្នកស្រាវជ្រាវ អ្នកជំនាញឯកទេស អង្គការសង្គមស៊ីវិលវិស័យឯកជន និងសាកលវិទ្យាល័យនានា ឱ្យបាន ទទួលព័ត៌មានពិតប្រាកដ, (២)ផ្សព្វផ្សាយអំពីសមិទ្ធផលនៃការកែទម្រង់អភិបាល កិច្ចរបស់រាជរដ្ឋាភិបាលជាក់ស្តែង រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្ត និងអំពីអ្វីដែលរាជរដ្ឋាភិបាលបានអនុវត្ត និង (៣)បង្កើតជាវេទិកាសម្រាប់សាធារណជន អ្នកស្រាវជ្រាវ អ្នកជំនាញឯកទេស អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាកល វិទ្យាល័យនានា បានយល់ដឹង និងបញ្ចេញទស្សនៈយល់ឃើញអំពីការកែទម្រង់ អភិបាលកិច្ច។

ឯកឧត្តម បន្ថែមថា វេទិកានាថ្ងៃនេះ គឺជាឱកាសដ៏សំខាន់ ដែលយើងទាំងអស់គ្នាអាចទទួលបាន ព័ត៌មានគ្រប់ជ្រុងជ្រោយអំពីការកែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាល វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអាទិភាពគន្លឹះ។ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងប្រើប្រាស់ឱកាសនេះឱ្យអស់លទ្ធភាព ដោយលើកឡើងនូវមតិយោបល់ ក៏ដូចជាចំណុចគន្លឹះសំខាន់ៗមួយចំនួនឱ្យបានចំៗ និងពិភាក្សា ផ្លាស់ប្តូរយោបល់ឱ្យបានផុលផុស ទៅតាមប្រធានបទដែលបានកំណត់ ដើម្បីជាមូលដ្ឋានព័ត៌មាន និងទិន្នន័យសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តនានា។