កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ១៥០គ្រួសារ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា ព្រមទាំងសហការី និងអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ព្រមទាំងថវិកាមួយចំនួន ផ្តល់ជូនស្រ្តីទើបសម្រាល ស្ត្រីត្រៀមសម្រាល ស្រ្តីក្នុងវ័យបន្តពូជ អ្នកផ្ទុកមេរោគអេដស៍ និងជនចាស់ជរាគ្មានទីពឹង សរុបចំនួន ១៥០គ្រួសារ នៅបរិវេណមណ្ឌលសុខភាពអូរអាម ស្ថិតក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី និងឯកឧត្តម គង់ គឹមនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងក្តីអាណិតអាសូរជាពន់ពេកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ស្របតាមបាវចនាមនុស្សធម៌ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ក៏បានគូសបញ្ជាក់បន្ថែមថា សកម្មភាពមនុស្សធម៌នាពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីជួយសម្រាលបន្ទុកជីវភាពចំពោះមុខ និងផ្តល់កម្លាំងចិត្តដល់គ្រួសារដែលមានជីវភាពខ្វះខាត និងស្ត្រីជាមាតា ឱ្យមានលទ្ធភាពកាន់តែប្រសើរក្នុងការថែរក្សាសុខភាព។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ត្រីមានផ្ទៃពោះ និងមាតាថែទាំទារក ឱ្យយកចិត្តទុកដាក់លើសុខភាព ពិនិត្យផ្ទៃពោះ និងសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីធានាសុវត្ថិភាពទាំងម្តាយ និងកូន។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូននាពេលនោះ រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុក និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារងាយរងគ្រោះក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕


