កសិករនៅខេត្តមណ្ឌលគិរី ដាំដំណាំកាហ្វេ កំពុងតែសប្បាយ ក្នុងការប្រមូលផល ដែលមានតម្លៃសមរម្យ និងអាចបង្កើនចំណូល
មណ្ឌលគិរី ៖ ដំណាំកាហ្វេ គឺជាដំណាំឧស្សាហកម្មមួយ ដែលមានតម្លៃខ្ពស់ និងអាចបង្កើនចំណូលដល់កសិករ ប្រសិនបើដាំដុះត្រឹមត្រូវតាមបច្ចេកទេស។ ម្យ៉ាងទៀត កាហ្វេ គឺជាភេសជ្ជៈមួយប្រភេទ ដែលមនុស្សម្នាលើពិភពលោក មានការពេញនិយមទទួលទានគ្រប់ពេល និងរាល់ថ្ងៃ ដែលបានធ្វើឲ្យដំណាំកសិឧស្សាហកម្មនេះ មានការរីកចម្រើនខ្លាំង ។ ក្នុងមួយទស្សវត៍ចុងក្រោយនេះ គេសង្កេតឃើញប្រជាពលរដ្ឋកម្ពុជា ហាក់ចាត់ទុកកាហ្វេគឺជា ភេសជ្ជៈប្រចាំថ្ងៃរបស់ខ្លួន រហូតគេសង្កេតឃើញមាន ហាងលក់កាហ្វេនៅគ្រប់ច្រកល្ហកក្នុងប្រទេស ។
ជាក់ស្តែងខេត្តមណ្ឌលគិរី ជាតំបន់សក្តានុពលខ្ពស់ សម្រាប់ដាំដុះកាហ្វេ ដោយមានអាកាសាធាតុត្រជាក់ ដីមានជីវជាតិល្អ អាកាសធាតុសមស្របផងនោះ កសិកររស់នៅខេត្តមណ្ឌលគិរី បានដាំដុះដំណាំកាហ្វេ ទទួលបានផលយ៉ាងល្អ លក់ចេញទៅទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស។ លោក ចាន់ ទិត្យ ម្ចាស់ចំការកាហ្វេមួយកន្លែងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ចំការរបស់គាត់ទើបប្រមូលផលឆ្នាំដំបូងៗ ដូច្នេះ ទិន្នផលហាក់នៅមិនទាន់ពេញលេញដូចចំការកាហ្វេដើមចាស់ៗទេ។ លោក បន្ថែមថា ចំការបស់គាត់ មានទំហំ ១០ហិកតា តែគាត់បានដាំដំណាំកាហ្វេចំនួន ៨ហិកតា ស្មើ ៨ពាន់ដើម ហើយទិន្នផលរដូវកាលឆ្នាំ២០២៥-២០២៦នេះ គាត់ប្រមូលបាន ៦០តោន ដែលក្នុងមួយគីឡូក្រាមលក់បានតម្លៃ ៤៧០០រៀល ប្រភេទផ្លែកាហ្វេស្រស់តែម្តង ។ ម្ចាស់ចំការដដែលបានបន្តថា ចំពោះតម្លៃជិតប្រាំពាន់រៀលក្នុងមួយគីឡូក្រាមនេះ អាចចាត់ទុកថា ជាតម្លៃល្អ ព្រោះក្រៅពីទូទាត់ថ្លៃចំណាយនានា ទៅលើការថែទាំ គាត់នៅសល់ប្រាក់ចំណេញសម្រាប់បន្តការផ្តត់ផ្គង់លើចំការ និងអភិវឌ្ឍជីវភាពគ្រួសារ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ នៅទូទាំងខេត្ត មានចំការកាហ្វេអនុវត្តសរុបចំនួន ៦២៧ហិកតា ដែលមានបរិមាណផលសរុបចំនួន ១ ២៤៧តោន ៕



