កម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយបានរកឃើញជនបរទេសចំនួន ២០២នាក់

រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោកអភិបាលក្រុង និងដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយបានរកឃើញជនបរទេសចំនួន ២០២នាក់រួមមាន៖
-ទីតាំងទី១: សណ្ឋាគារ ៤រដូវ: កំពស់ ៤ ជាន់ មានចំនួន ១៦៦ បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនបរទេសសរុបចំនួន ៥៧នាក់ ស្រី ២៦នាក់ (ចិន ២៣នាក់ ស្រី ៩ នាក់, វៀតណាម ៣៣នាក់ ស្រី ១៧ នាក់ និងម៉ុងហ្គោលី ០១នាក់ ប្រុស ) ក្នុងនោះ ពុំមានលិខិតឆ្លងដែន ០៥នាក់ ប្រុស ជនជាតិវៀតណាម សមត្ថកិច្ចជំនាញ កំពុងសាកសួរ និងបន្តនីតិវីធី នៅអធិការដ្ឋាននគរបាលក្រុងបាវិត។
– ទីតាំងទី២: អាគារម៉ារីណា ចំនួន ០២ អាគារកំពស់ ៤ ជាន់ មាន ១៦២ បន្ទប់ ជាបន្ទប់ស្នាក់នៅ: មានជនបរទេសសរុបចំនួន ១៤៥នាក់ ស្រី ៦២នាក់ (វៀតណាម ៣២នាក់ ស្រី ២៥នាក់, ចិន ៦៦នាក់ ស្រី ១៨នាក់, មីយ៉ាន់ម៉ា ១៥នាក់ ស្រី ១៣នាក់, ឡាវ ០១នាក់ ស្រី,) ក្នុងនោះ ពុំមានលិខិតឆ្លងដែន ០៦នាក់ ស្រី ០៣នាក់ (វៀតណាម) សមត្ថកិច្ចជំនាញ នាំយកទៅសាកសួរ និងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងបាវិត។

ជាមួយគ្នានេះ នៅទីតាំងទី២ សមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេររកឃើញជនសង្ស័យជនជាតិចិនចំនួន ០៣នាក់ ប្រុស (បន្ទប់ ៤០៩) កំពុងប្រើប្រាស់គ្រឿងញៀន និង ជនជាតិចិន ០២នាក់ ប្រុស (បន្ទប់ ៤០៤) កំពុងលួចលាក់កែច្នៃ ជួញដូរ រក្សាទុក និងប្រើប្រាស់ សារធាតុញៀនដោយខុសច្បាប់ ។ ដកហូតវត្ថុតាង សារធាតុញៀន និង សារធាតុគីមីផ្សំមួយចំនួន។ សមត្ថកិច្ចយើងកំពុងសាកសួរ និងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងបាវិត។