កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការយៈពេលប្រមាណ ២សប្ដាហ៍ នៅតាមបណ្ដាសាលាជាច្រើន នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC និងជាវាគ្មិនប្រចាំកម្មវិធី បានឲ្យដឹងថា ឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក បានជិត ១០សាលា នៅទូទាំង ៥រាជធានី-ខេត្តខាងលើ ដោយមានសិស្សានុសិស្សចូលរួមសរុបប្រមាណ ២ពាន់នាក់ បូករួមទាំងកម្មវិធីចុងក្រោយ ដែលបានរៀបចំនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូកន្លងទៅ។
ឆ្លងកាត់ការរៀបចំកម្មវិធីប្រចាំឆ្នាំនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការយល់ដឹងរបស់សិស្សានុសិស្សទាំងអស់ ដែលបានជ្រូតជ្រាបច្បាប់អំពីប្រវត្តិចលនាអូឡាំពិក និងគុណតម្លៃអូឡាំពិក ដែលមានតាំងពីជិត ៣០០០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន ពិសេសពួកគេបានយល់អំពីសារៈសំខាន់មួយទៀត នៃចលនាអូឡាំពិក គឺបទឈប់បាញ់ក្នុងចលនាកីឡា ដើម្បីឈានទៅរកការកសាងពិភពលោកឲ្យស្រស់បំព្រង និងប្រកបដោយសន្ដិភាព តាមរយៈកីឡា។
បន្ថែមលើនេះ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ក៏បានគូសរំលេចអំពីស្មារតីចងចាំនូវមហាជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលសិស្សានុសិស្សទាំងអស់ បានឈ្វេងយល់ច្រើនពីមហាជោគជ័យជាប្រវត្តិសាស្ដ្រនេះ ។ ភ្ជាប់ជាមួយគ្នា ឯកឧត្តមក៏បានផ្សព្វផ្សាយដល់សិស្សានុសិស្ស ក៏ដូចជាយុវជនយុវនារី នូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត គឺការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ នៅកម្ពុជាផងដែរ។
តាមរយៈការយល់ដឹងពីគុណតម្លៃស្នូល រួមមាន ឧត្តមភាព មិត្តភាព ការគោរព ក៏ដូចជាបាវចនារបស់អូឡាំពិក គឺលឿនជាង ខ្ពស់ជាង ខ្លាំងជាងជាមួយគ្នា នេះដែរ ឯកឧត្តមសង្ឃឹមថា សិស្សានុសិស្សទាំងអស់ នឹងចូលរួមអនុវត្ត ក៏ដូចជាផ្សព្វផ្សាយនូវចំណេះដឹងនេះទៅកាន់មិត្ដភ័ក្ដិ ក្នុងការចូលរួមសកម្មភាពកីឡាទូទៅ ដើម្បីលើកកម្ពស់សុខភាពពួកគេផង ក៏ដូចជាការបង្កើតបាននូវមិត្តភាព សាមគ្គីភាព ព្រមទាំងលើកកម្ពស់ការសិក្សារបស់ពួកគេបានកាន់តែល្អប្រសើរផង។
ទន្ទឹមជាមួយគ្នាដែរ លោក ទូច គង្គា នាយករងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ បានសម្ដែងក្ដីរីករាយ ក្រោយទទួលបានការផ្សព្វផ្សាយ និងអប់រំពីគុណតម្លៃអូឡាំពិក ដ្បិតនេះជាលើកដំបូង ដែលសាលាបានទទួលនូវកម្មវិធីអប់រំពាក់ព័ន្ធចលនាកីឡា ។ លោករំពឹងកម្មវិធីនេះ មិនត្រឹមជាការលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍កីឡានោះទេ តែលោកក៏សង្ឃឹមថា នឹងក្លាយជាចលករជំរុញឲ្យសិស្សានុសិស្សបានចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីលើកកម្ពស់សុខភាព និងស្មារតីនៃការសិក្សារបស់សិស្សានុសិស្សទាំងអស់ផងដែរ។
ជាមួយជោគជ័យ នៃការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ នេះដែរ ក្នុងនាមប្រធានក្រុមការងាររៀបចំ និងតំណាងថ្នាក់ដឹកនាំ NOCC ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ក៏បានថ្លែងអំណរគុណដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងសាលារៀនទាំងអស់ ដែលបានចូលរួមសហការរៀបចំ ធ្វើឲ្យកម្មវិធីបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ឯកឧត្តមសង្ឃឹមថា សិស្សានុសិស្សនឹងបន្តចូលរួមក្នុងយុទ្ធនាការចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ស្របតាមយុទ្ធនាការប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត៕



