កម្មវិធីចុះអប់រំផ្សព្វផ្សាយអំពីវិធីការពារទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ និងចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ ដល់បុគ្គលិក កម្មករ នៅទីលានទុកដាក់សំរាម និងការដ្ឋាន សាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងប្រព័ន្ធលូ ខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសម្របសម្រួលពី ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង បានអនុញ្ញាតឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន ដឹកនាំដោយ ឯកឧត្តម សេន ស៊ីហ៊ត់ រដ្ឋលេខាធិការ និងសហការី បានចុះអប់រំផ្សព្វផ្សាយអំពីវិធីការពារទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ និងផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន និងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៅគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងប្រព័ន្ធលូ ក្រុងកំពង់ចាម និងគម្រោងទីលានទុកដាក់សំរាម ភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងដំណើរបេសកកម្មចុះផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ រួមទាំងក្រុមការងារពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួង និង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម លោក ជឹម លាភី អភិបាលរងក្រុងកំពង់ចាម មន្ត្រីរាជការ បុគ្គលិក កម្មករ បម្រើការនៅ ក្នុងគម្រោងទាំងពីរ និងតំណាងក្រុមហ៊ុន ប៊ីអឹមខនស្ត្រាក់សិន ខូអិលធីឌី។
គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺធ្វើឡើងដេីម្បីជាការក្រើនរំឮកដល់ មន្ត្រីរាជការ បុគ្គលិក និងកម្មករ បម្រើការនៅមន្ទីរសាធារណការ និងដឹកជញ្ជូន នៃខេត្តនីមួយៗ ក្នុងការចូលរួម ការពារទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ជៀសផុតពីការប្រើប្រាស់គ្រឿងញៀន និងជាការពញ្ញាក់ស្មារតីអោយមានការប្រុងប្រយ័ត្នបានខ្ពស់ ចំពោះបញ្ហាការធ្វើដំណើរទៅគ្រប់ទីកន្លែង មានស្មារតីទទួលខុសត្រូវ រក្សាសុខសុវត្ថិភាព ជាចំណែកក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករ បម្រើការនៅគម្រោងទាំងពីរ ដែលតែងខិតខំយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចការងារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវ សូមឱ្យមានការចូលរួមគោរពអនុវត្តទាំងអស់គ្នា គឺត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមការពារទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ និងត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គ្រប់ៗគ្នា៕



