កម្ពុជា-ឥណ្ឌា ប្តេជ្ញាជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ទ្វេភាគីតាមរយៈការតភ្ជាប់ការធ្វើដំណើរ

TVK App

ក្នុងគោលដៅពង្រឹងចំណងមិត្តភាព និងសក្ដានុពលសេដ្ឋកិច្ចតាមរយៈការធ្វើដំណើរ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) បានរៀបចំកិច្ចពិភាក្សាមួយ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ។

កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Shangri-la Phnom penh កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា; លោក គី សិរីរចនា អនុប្រធាននាយកដ្ឋានទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ ក្រសួងទេសចរណ៍កម្ពុជា; លោកស្រី Chandelice Voeung សមាជិកក្រុមប្រឹក្សាភិបាល CATA; លោកស្រី Eesha Priya អគ្គលេខាធិការរង ក្រសួងទេសចរណ៍ រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា; លោកបណ្ឌិត Nilesh Ramachandra Deore លេខាធិការ នាយកដ្ឋានទេសចរណ៍ រដ្ឋ Bihar ប្រទេសឥណ្ឌា; និងតំណាងក្រុមហ៊ុនទេសចរណ៍នានានៅកម្ពុជា។

ព្រឹត្តិការណ៍នេះ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជា មិនមែនទើបតែចាប់ផ្តើមនោះទេ ប៉ុន្តែវាមានឫសគល់យ៉ាងជ្រៅតាមរយៈប្រវត្តិសាស្ត្រ អរិយធម៌ និងសាសនាជាច្រើនសតវត្សរ៍។ ឯកឧត្តមបានចាត់ទុកវិស័យទេសចរណ៍ថាជា “អាទិភាពខ្ពស់បំផុត” ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

ចំណុចលេចធ្លោនៃកិច្ចពិភាក្សាគឺការបង្ហាញអំពី “បណ្តោយទេសចរណ៍ព្រះពុទ្ធសាសនា” (Buddhist Circuit) ក្នុងរដ្ឋ Bihar និង Uttar Pradesh ដែលជាទីកន្លែងសក្ការៈបំផុតសម្រាប់ពុទ្ធសាសនិកកម្ពុជា។ ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ ឥណ្ឌាបានប្រកាសនូវផែនការសំខាន់ៗរួមមាន៖ការបង្កើតអាហារដ្ឋានអាស៊ាន ដើម្បីធានាថាភ្ញៀវទេសចរមកពីអាស៊ីអាគ្នេយ៍អាចទទួលបានអាហារដែលត្រូវនឹងវប្បធម៌របស់ខ្លួន។ ការសម្រួលការធ្វើដំណើរ ធ្វើទំនើបកម្មប្រព័ន្ធទិដ្ឋាការ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ជម្រើសទេសចរណ៍ចម្រុះ ក្រៅពីការបួងសួង ឥណ្ឌាក៏ជំរុញទេសចរណ៍ព្យាបាលវេជ្ជសាស្ត្រ និងការទស្សនាតំបន់ (Golden Triangle) រួមមាន Delhi, Agra និង Jaipur។

យ៉ាងណាមិញទិន្នន័យគឺបានបង្ហាញពីសញ្ញាវិជ្ជមានយ៉ាងខ្លាំង ដោយចំនួនភ្ញៀវកម្ពុជាទៅឥណ្ឌាក្នុងឆ្នាំ ២០២៤ បានកើនឡើងរហូតដល់ ៣៨% (១១,៣២៦ នាក់) បើធៀបនឹងឆ្នាំ ២០២៣។ ជាមួយគ្នានេះ ភ្ញៀវទេសចរឥណ្ឌាប្រមាណ ៨០,០០០ នាក់ បានមកកម្សាន្តនៅកម្ពុជាក្នុងឆ្នាំ ២០២៤។

លោក គី សិរីរចនា អនុប្រធាននាយកដ្ឋានទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ ក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី Chandelice Voeung សមាជិកក្រុមប្រឹក្សាភិបាល CATA បានឯកភាពគ្នាលើការរៀបចំ “ផែនទីបង្ហាញផ្លូវរួម” ដើម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ ភាគីទាំងពីរបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីប្រែក្លាយសក្ដានុពលអរិយធម៌ ឱ្យទៅជាលទ្ធផលជាក់ស្តែងនៃចំនួនភ្ញៀវទេសចរ និងលំហូរពាណិជ្ជកម្មដែលឆ្លុះបញ្ចាំងពីសមត្ថភាពពិតប្រាកដនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា។