កម្ពុជា-ឥណ្ឌា បើកពិព័រណ៍ពាណិជ្ជកម្មរួមគ្នា ដើម្បីជំរុញសក្តានុពលសេដ្ឋកិច្ច និងវិនិយោគ

កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ «THE BEST OF INDIA EXPO 2025» ដែលមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម Vanlalvawna Bawilung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន មន្ត្រីស្ថានទូត និងប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រធានសមាគមឥណ្ឌានៅកម្ពុជា និងតំណាងក្រុមហ៊ុនឥណ្ឌា ជាច្រើនរូប។ 

ឯកអគ្គរដ្ឋទូតឥណ្ឌា ឯកឧត្តម Vanlalvawna Bawitlung បានជំរុញយ៉ាងសកម្មដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដោយផ្តោតលើសម្ព័ន្ធភាពប្រវត្តិសាស្ត្រ និងវប្បធម៌រួមគ្នា។ ឯកឧត្តម ក៏បានចូលរួមក្នុងគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ផងដែរ។ ពិព័រណ៍នេះបានដាក់តាំងបង្ហាញផលិតផលជាច្រើនប្រភេទរបស់ឥណ្ឌា រួមមាន ម៉ូដសម្លៀកបំពាក់ គ្រឿងអលង្ការ វត្ថុសិល្បៈ ផលិតផលសុខភាព គ្រឿងតុបតែងលម្អគេហដ្ឋាន និងវាយនភណ្ឌ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងអ្នកនាំចេញផលិតផលឥណ្ឌាជាច្រើនក្រុមហ៊ុន ដើម្បីផ្តល់ឱកាសឲ្យប្រជាជនកម្ពុជាបានស្វែងយល់ពីភាពសម្បូរបែបនៃវិស័យច្នៃប្រឌិត និងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា។

​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្ថាតទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងនិងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើងបានយ៉ាងល្អប្រសើរ ព្រមទាំងបានថ្លែងអំណរគុណផងដែរចំពោះការជ្រើសយករាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍នេះឡើង។ 

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋឥណ្ឌា។ ពិព័រណ៍នេះ បានស្តែងឱ្យឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ  ហើយក៏នឹងជួយបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ផងដែរ ជាពិសេសលើប្រភេទផលិតផលសម្លៀកបំពាក់ សិប្បកម្ម ព្រំ គ្រឿងអលង្ការ សម្ភារៈតុបតែងផ្ទះ ប្រដាប់ប្រដាក្មេងលេង និងផលិតផលពិសេស “ភូមិមួយ ផលិតផលមួយ” របស់ឥណ្ឌា។