កម្ពុជា-ឡាវ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីកម្ចាត់បញ្ហាគ្រឿងញៀនឆ្លងដែន

ទីក្រុងវៀងចន្ទន៍៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម Khamking Phuilamanivong អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ ជំនួបនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសទាំងពីរ ក្នុងការរឹតចំណងសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងការចរាចរណ៍គ្រឿងញៀនឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងជំនួបនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ពីភាគីឡាវ។ ឯកឧត្តមបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាថា ឧក្រិដ្ឋជនគ្រឿងញៀនត្រូវតែទទួលទោសតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ឯកឧត្តមបានបង្ហាញអារម្មណ៍ចំចំពោះផលលំបាករបស់ប្រទេសឡាវ ដែលមានទីតាំងភូមិសាស្ត្រនៅជិតតំបន់ត្រីកោណមាស ជាប្រភពផលិតគ្រឿងញៀនដ៏ធំ ដែលធ្វើអោយការបង្ការ ទប់ស្កាត់ និងបង្ក្រាបមានស្មុគស្មាញ់ ដោយសារល្បិចកលរបស់ឧក្រិដ្ឋជនកាន់តែទំនើប។
ទោះជាយ៉ាងនេះក្តី ឯកឧត្តម ឃឹង សារ៉ាត់ បានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីឡាវកន្លងមក ដែលបានទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនមិនអោយហូរចូលមកកម្ពុជា ដែលបានរួមចំណែកធ្វើឱ្យស្ថានភាពគ្រឿងញៀននៅកម្ពុជាមានការថយចុះមួយផ្នែក។ ឯកឧត្តមបានសន្យាថា «កម្ពុជានឹងសហការពេញលេញរាល់សកម្មភាពបង្ក្រាបគ្រឿងញៀនលើទឹកដីកម្ពុជា ទៅតាមការស្នើសុំរបស់ភាគីឡាវ»។
ឯកឧត្តមប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានលើកឡើងពីគោលនយោបាយដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាចម្បង។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី័ ដែលមានសម្តេចមហាបវរធិបតីជានាយករដ្ឋមន្ត្រីបានដាក់ចេញវិធានការធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងជួរកងកម្លាំង និងមន្ត្រីរាជការស៊ីវិល ហើយបុគ្គលណាដែលត្រូវបានរកឃើញថាមានសារធាតុញៀន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។ ស្របគ្នានេះ កម្មវិធីផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន និងយុទ្ធនាការ «No Drug» ក៏ត្រូវបានជំរុញយ៉ាងសកម្មផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Khamking Phuilamanivong បានបញ្ជាក់ថា រដ្ឋាភិបាលឡាវក៏បានយកចិត្តទុកដាក់ជាទីបំផុតលើការបង្ក្រាបគ្រឿងញៀន ហើយកិច្ចសហការជាមួយបណ្តាប្រទេសជាប់ព្រំដែន បាននាំមកនូវលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានចាត់ទុកបញ្ហាគ្រឿងញៀនជាឧបសគ្គចម្បងនៃការអភិវឌ្ឍប្រទេសជាតិ ដូច្នេះប្រទេសក្នុងតំបន់ និងពិភពលោកត្រូវតែរួមគ្នាដោះស្រាយបញ្ហានេះអោយខានតែបាន។
ឯកឧត្តមអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឡាវ និងកម្ពុជានឹងបន្តពង្រឹងយន្តការដែលមានស្រាប់ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនអោយកាន់តែប្រសើរឡើងថែមទៀត ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍នឹងអាចរៀបចំជារៀងរាល់ឆ្នាំ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែស៊ីជម្រៅ សំដៅឆ្ពោះទៅរកព្រំដែនសន្តិភាព និងគ្មានគ្រឿងញៀន។