ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជួបពិភាក្សាការងារជាមួយលោក RALF KOCH មន្ត្រីអនុព័ន្ធនគរបាលថ្មី នៃស្ថានទូតស្វីស ប្រចាំនៅទីក្រុងបាងកក។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីឧទ្ទេសនាមខ្លួនទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន។
ជំនួបនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា ដើម្បីបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរព័ត៌មានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឆ្ពោះទៅកាន់ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែនឲ្យកាន់តែមានប្រសិទ្ធភាព។