កម្ពុជា-វៀតណាម ឯកភាពរួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ កសាងព្រំដែនឲក្លាយជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

កម្ពុជា-វៀតណាម ឯកភាពរួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ កសាងព្រំដែនឲក្លាយជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ
———
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ទី០៦ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងថ្ងៃទី១ នៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ដល់ដំណើរបំពេញទស្សនកិច្ចសារជាថ្មីរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចនេះដែលនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន រឹងមាំ និងប្រកបដោយភាពជិតស្និទ្ធដូចជាបងប្អូន រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង បានលើទ្បើងថា កន្លងមកក៏ដូចជាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានអនុវត្តកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដោយភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធនូវការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ជាពិសេសការប្រើប្រាស់បណ្ដាញទំនាក់ទំនងហេតុការណ៍រវាងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលកើតមានតាំងពីយូរលង់មកហើយ និងបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តរីកចម្រើន រឹងមាំជាលំដាប់ គ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ ទោះបីស្ថានភាពសន្តិសុខពិភពលោក និងតំបន់មានភាពស្មុគស្មាញ ពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ។ ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកន្លងមក ហើយកងយោធពលខេមរភូមិន្ទនឹងបន្តអនុវត្តនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសទាំងពីរ៕