កម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៨ នៅតំបន់សេដ្ឋកិច្ចចំនួន៥ ក្នុងខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ
ភ្នំពេញ ៖ រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា បានកើនឡើងដល់ ៨ រោងចក្រ ដោយមានទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ ក្នុងខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ ដែលជាការបោះជំហានទៅមុខមួយកម្រិតទៀតលើវិស័យឧស្សាហកម្ម។
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងចំកិច្ចប្រជុំពិភាក្សាស្តីពីការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាក្រោមវត្តមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ព្រមទាំង តំណាងក្រុមហ៊ុនវិនិយោគផលិតសំបកកង់រថយន្តទាំង៨។
កិច្ចពិភាក្សាបានផ្តោតលើសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគោលនយោបាយ ដើម្បីបង្កើនការប្រើប្រាស់កៅស៊ូក្នុងស្រុករបស់ឧស្សាហកម្មផលិតសំបកកង់រថយន្តដែលអាចចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង និងដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូមានប្រសាសន៍ថា ៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល មានការគាំពារទៅលើអ្នកវិនិយោគដែលមកផលិតជាផលិតផលសម្រេចនៅក្នុងស្រុក ទន្ទឹមនេះ កម្ពុជាមានវត្ថុធាតុដើមច្រើនអាចផ្គត់ផ្គង់ទៅរោងចក្រកែច្នៃដែលមកពីក្រៅប្រទេសបាននោះ ជាពិសេស ដូចជារោងចក្រកង់ឡាន កំពុងដំណើរការ ការប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកមកកែច្នៃដើម្បីយកទៅប្រើប្រាស់ ខណៈរោងចក្រកែច្នៃក្នុងស្រុកក៏មានឱកាសកែច្នៃ និងលក់ក្នុងស្រុកដែរ»។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ១,៣៨ ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត កើនឡើង ៥៧,៨៦% ធៀបនឹងឆ្នាំ ២០២៤ ដែលសម្រេចបាន ៨៧៤ លានដុល្លារ។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបប្រមាណ ៤៥ ម៉ឺនហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ ម៉ឺនតោន ក្នុងមួយឆ្នាំ ដែលពីមុនជ័រកៅស៊ូមានការនាំចេញទាំងស្រុង ខណៈបច្ចុប្បន្ន កម្ពុជាមានលទ្ធភាពកែច្នៃ និងលក់ក្នុងស្រុក៕



