កម្ពុជា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកម្មវិធី TVET ជាមួយហ្វាំងឡង់ និងបារាំង ដើម្បីអភិវឌ្ឍធនធានមនុស្សឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

(ទីក្រុងសៀងហៃ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម Anders Adlercreutz រដ្ឋមន្រ្តីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វាំងឡង់ និងលោកជំទាវ Sabrina Roubache រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកការអប់រំវិជ្ជាជីវៈ ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ការងារ នៃសាធារណរដ្ឋបារាំងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ “ជំនាញពិភពលោក សៀងហៃ ឆ្នាំ២០២៦” និងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” នាថ្ងៃទី២២-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបជាមួយ ឯកឧត្តម Anders Adlercreutz នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញអនុវត្តកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ឯកឧត្តមរដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះគួរចាប់ផ្តើមពីកម្រិតនៃភាពជាដៃគូ រវាងគ្រឹះស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានឯកជននៃប្រទេសទាំងពីរ នៅមុនពេលឈានដល់កិច្ចសហប្រតិបត្តិការពេញលេញរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលអនាគត។

ដោយឡែក នៅក្នុងជំនួបជាមួយលោកជំទាវ Sabrina Roubache នៅថ្ងៃដដែលនោះ ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា-បារាំង ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍកម្មវិធី TVET ការអភិវឌ្ឍជំនាញ និងធនធានមនុស្សនៅកម្ពុជា ជាពិសេសតាមយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ ឯកឧត្តមបានលើកឡើងថា ជំនួបនៅក្នុងព្រឹត្តិ​ការណ៍ដ៏សំខាន់នេះគឺពិតជាសមស្រប និងទាន់ពេលវេលា ខណៈប្រទេសទាំងពីរកំពុងខិតខំរៀបចំយុវជន និងកម្លាំងពលកម្មឱ្យត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងតម្រូវការជំនាញ និងទីផ្សារការងារដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបារាំងក្នុងការបន្តអភិវឌ្ឍធនធានមនុស្សប្រកបដោយភាពធន់បន្ថែមទៀត ដូចជាក្នុងវិស័យកសិកម្ម និងចំណីអាហារជាដើម។

ជាការឆ្លើយតប លោកជំទាវ Sabrina Roubache បានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ដោយលោកជំទាវសង្ឃឹមថា ភាគីទាំងពីរនឹងអាចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ដើម្បីពង្រឹងភាពជាដៃគូលើវិស័យ TVET កម្មវិធីហ្វឹកហាត់ការងារ និងការផ្លាស់ប្តូរជំនាញ ជាពិសេសក្នុងវិស័យសំណង់ កសិកម្ម និងចំណីអាហារ ជាដើម៕