កម្ពុជា និងឥណ្ឌូណេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “កម្មវិធីផ្តល់ ជំនួយអាហារូបករណ៍របស់ឥណ្ឌូណេស៊ី”
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងជាតំណាងរដ្ឋាភិបាលឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពី “កម្មវិធីផ្តល់ ជំនួយអាហារូបករណ៍របស់ឥណ្ឌូណេស៊ី” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងនាមរដ្ឋាភិបាលឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ ដែលបានផ្តល់ឱកាសឱ្យឥណ្ឌូណេស៊ី ផ្តល់នូវកិច្ចសហប្រតិបត្តិការនេះ ដែលមានគោលបំណងចម្បងក្នុងការផ្តល់ជំនួយជាអាហារូបករណ៍ Indonesian AID Scholarship (TIAS) ជូនដល់មន្ត្រីរាជការ និងបុគ្គល ដែលចាត់តាំងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពអ្នកដឹកនាំនាពេលអនាគត។ កម្មវិធី TIAS គឺជាផ្នែកមួយនៃអាហារូបករណ៍ជាច្រើនរបស់ឥណ្ឌូណេស៊ី ដែលរៀបចំឡើងជាពិសេសសម្រាប់មន្ត្រីដែលកំពុងបំពេញការងារ ដើម្បីអភិវឌ្ឍសមត្ថភាព និងនាំយកចំណេះដឹងមកអភិវឌ្ឍអង្គភាពនៅប្រទេសកម្ពុជាវិញក្រោយពេលបញ្ចប់ការសិក្សា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក៏បានលើកឡើងអំពី វឌ្ឍនភាពនៃការរៀបចំសមាគមអតីតនិស្សិតកម្ពុជារៀននៅឥណ្ឌូណេស៊ី ដែលសមាគមនេះនឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូណេស៊ីទាំងអស់ អាចមកជួបជុំគ្នា ចែករំលែកបទពិសោធ និងបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីបុព្វហេតុមិត្តភាពនៃប្រទេសទាំងពីរ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលឥណ្ឌូណេស៊ី ចំពោះកិច្ចសហប្រតិបត្តិការនេះ ដែលបញ្ជាក់ពីសក្ខីភាពថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌូណេស៊ី ជាពិសេសចំពោះការជួយគាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក តាមរយៈការផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដល់និស្សិត-មន្ត្រីកម្ពុជា ទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា (Master) និងចូលរួមវគ្គសិក្សាខ្លីជាច្រើន, កិច្ចសហប្រតិបត្តិការផ្នែកយុវជន,ការចូលរួមព្រឹត្តិការណ៍កីឡា, កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងឥណ្ដូនេស៊ី ដែលមានគោលដៅដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត បុគ្គលិក សាស្ត្រាចារ្យលើការសិក្សា ការចុះកម្មសិក្សា ព្រមទាំងការចូលរួមក្នុងសកម្មភាពសហគមន៍ និងវប្បធម៌ផ្សេងៗទៀត។
ការចុះកិច្ចព្រមព្រៀងលើ កម្មវិធីអាហារូបករណ៍ TIASនេះនឹងនាំមកនូវឱកាសដ៏មានតម្លៃសម្រាប់មន្ត្រីរាជការកម្ពុជា ក្នុងការទទួលបានចំណេះដឹង និងបទពិសោធថ្មីៗពីប្រទេសឥណ្ឌូណេស៊ី ជាពិសេសទទួលបាននូវការបណ្តុះបណ្តាលកម្រិតខ្ពស់ ដែលមិនត្រឹមតែផ្តោតលើចំណេះដឹងផ្នែកទ្រឹស្ដីប៉ុណ្ណោះទេ ថែមទាំងការអនុវត្តការងារជាក់ស្តែងប្រកបដោយវិន័យ និងនវានុវត្តន៍៕



