កម្ពុជា និងសហភាពអឺរ៉ុបបើកសិក្ខាសាលាកម្រិតតំបន់អាស៊ានឆ្នាំ២០២៥ ដើម្បីលើកកម្ពស់កម្លាំងពលកម្មជំនាញផ្នែកកសិ-ចំណីអាហារ

កម្ពុជា និងសហភាពអឺរ៉ុបបើកសិក្ខាសាលាកម្រិតតំបន់អាស៊ានឆ្នាំ២០២៥ ដើម្បីលើកកម្ពស់កម្លាំងពលកម្មជំនាញផ្នែកកសិ-ចំណីអាហារ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍន៍ជំនាញជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កម្លាំងពលកម្មជំនាញ ឆ្នាំ២០២៥” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀតក្នុងរាជធានីភ្នំពេញ។
សិក្ខាសាលាកម្រិតតំបន់អាស៊ានដែលមានរយៈពេល២ថ្ងៃពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា នេះ មានគោលបំណងបន្ស៊ីប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)ឱ្យសមស្របទៅនឹងតម្រូវការទីផ្សារការងារដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន និងការបង្កើតការងារនៅទូទាំងតំបន់អាស៊ានជាពិសេសវិស័យកសិ-ចំណីអាហារ។
ថ្លែងទៅកាន់អង្គពិធីដែលមានតំណាងមកពីបណ្តារដ្ឋជាសមាជិកអាស៊ានប្រមាណ ៥០រូប ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញដែលផ្សារភ្ជាប់ការអភិវឌ្ឍទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសវិស័យកសិ-ចំណីអាហារក្នុងបរិបទនៃការប្រែប្រួលយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាឌីជីថល និងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា សិក្ខាសាលាកម្រិតតំបន់នាពេលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចសហការ និងកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំក្នុងការពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងតំបន់អាស៊ាន និងដើម្បីធានាថាការបណ្តុះបណ្តាលមានភាពសមស្រប និងស៊ីគ្នារវាងជំនាញ តម្រូវការការងារជាក់ស្តែង និងការវិវត្តនៃទីផ្សារការងារ។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាកម្រិតតំបន់ដែលកម្ពុជា និងសហភាពអឺរ៉ុបបើកនាពេលនេះ មានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធថ្នាក់តំបន់ជាង ៥០រូប រួមទាំងតំណាងមកស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តំណាងនៃវិស័យឯកជន និងអង្គការអន្តរជាតិមកពីគ្រប់បណ្ដារដ្ឋសមាជិកអាស៊ានទាំងដប់ រួមទាំងប្រទេសទីម័រឡេស្តេផងដែរ៕