កម្ពុជា និងបណ្តារដ្ឋសមាជិក MOU ១៩៩៣ ប្តេជ្ញាចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនផែនការ SAPXIII 

ប្រទេសមីយ៉ាន់ម៉ា : ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជាថ្លែងបែបនេះក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈ កម្មាធិការមន្ត្រីជាន់ខ្ពស់នៃប្រទេសហត្ថលេខី នៃអនុស្សរណៈយោគយល់គ្នា ស្តីពីបញ្ហាគ្រឿងញៀន នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (MOU) ក្រោមវត្តមាន UNODC និងបណ្ដាប្រទេសជាហត្ថលេខីMOUឆ្នាំ ១៩៩៣ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងYangon នៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា។ 

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងនូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្របខណ្ឌ MOU មេគង្គ។ 

ក្នុងឱកាសនោះដែរ ជាមួយនឹងការប្តេជ្ញាចិត្តនេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា  បានបន្តថា កម្ពុជាបានអនុវត្តពេញលេញនូវផែនការសកម្មភាពអនុតំបន់ XII ឆ្នាំ២០២៤ កន្លងមក និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព ដែលសម្រេចបានតាមរយៈការងាររបស់ក្រុមការងារនៃប្រធានបទចំនួនបីគឺ ការអប់រំ បង្ការ ការត្រួតពិនិត្យសារធាតុគីមី និងការវិភាគគ្រឿងញៀន ហើយកម្ពុជានិងបណ្ដាប្រទេសជាសមាជិក MOU ឆ្នាំ១៩៩៣ ទាំងអស់បានក៏បានប្ដេជ្ញាចិត្តចូលរួមអនុវត្តន៍នូវផែនការសកម្មភាពSAPXIII ។ 

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានសុំអង្គប្រជុំពិចារណានូវការងារមួយចំនួនដើម្បីពង្រឹង និងលើកកំពស់បាននូវប្រសិទ្ធភាព ភាពប្រសើរ នៃគោលនយោបាយអភិបាលកិច្ចគ្រឿងញៀន និងសមត្ថភាពស្ថាប័ន នៅទូទាំងតំបន់មានដូចជា៖ ១.ការគាំទ្រ យកចិត្តទុកដាក់ពីសមាជិក និងភាគីពាក់ព័ន្ធចំពោះការអនុវត្ត SAP XIII .២.ការចែករំលែកព័ត៌មាន ស៊ើបការណ៍សម្ងាត់ទាក់ទងនឹងការស៊ើបអង្កេតនិងការរត់គេចខ្លួន ៣.ការកសាងសមត្ថភាព ការគាំទ្រ (BLOs) ទាំងឧបករណ៍ បច្ចេកទេសពី UNODCនិងដៃគូ  ៤.UNODC អាចពិចារណាគាំទ្រគំនិតផ្តួចផ្តើមទ្វេភាគី ជាមួយបណ្តារដ្ឋជាសមាជិកហើយកម្ពុជា លើកទឹកចិត្ត ដល់រដ្ឋសមាជិកឱ្យយកចិត្តទុកដាក់ចំពោះក្រុមការងារទាំងបី ។ 

ថ្លែងក្នុងពិធីបើកកាលថ្ងៃទី១៦ នាយឧត្តមសេនីយ៍ អុង កាវកាវ( Aung Kyaw Kyaw) អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ាបានថ្លែងថាត្រីកោណមាសបន្តជាទីតាំងដាំដុះអាភៀន ការផលិត និងការជួញដូរនូវសារធាតុញៀន និងសារធាតុគីមី ដែលគ្មានសញ្ញាថមថយទេ គឺកើនឡើងធ្ងន់ធ្ងរគួរព្រួយបារម្ភក្នុងតំបន់និងពិភពលោកហើយមីយ៉ាន់ម៉ាប្តេជ្ញាបន្តខិតខំប្រឹងប្រែង និងសហការជាមួយរបណ្តារដ្ឋសមាជិកMOUនិងដៃគូនានា ដោះស្រាយបញ្ហាគ្រឿងញៀនដែលកំពុងរីករាលដាល នៅក្នុងអាងទន្លេមេគង្គឲ្យទទួលបានជោគជ័យ។