កម្ពុជា និងបណ្តាប្រទេសលើពិភពលោកបាន និងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងធំៗចំនួនជាង៣០ ស្ថិតក្នុងនីតិវិធីតុលាការ

ក្នុងរបាយការណ៍រយៈពេលជិត៦ខែចុងក្រោយឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបង្ហាញថាតុលាការកំពុងដំណើរការនីតិវិធីតាមច្បាប់ជាធរមានលើ ៣៥សំណុំរឿងធំៗ ពាក់ព័ន្ធនឹងមុខសញ្ញាមេខ្លោង និងបក្ខពួកសមគំនិតសរុបចំនួន ១៦៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ មានជនជាតិចិន(ចិនតៃវ៉ាន់),វៀតណាម, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, និងខ្មែរ។ របាយការណ៍ក៏បានរំលេចអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ថាបានបោះជំហានជាវិជ្ជមាន និងបានផ្តល់លទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើការស្រាវជ្រាវដើម្បីឈានទៅវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ

លេខាធិការដ្ឋានគ.ប.ឆ.ប. នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស គិតចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋានគ.ប.ឆ.ប. បានចុះពិនិត្យនិងបង្ក្រាបអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ១១៨ទីតាំង ក្នុង ១៨ រាជធានីខេត្ត ជាលទ្ធផល សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩៨៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៩៧៩នាក់ មកពី២៣សញ្ជាតិ ក្នុងនោះមានជនជាតិចិន(ចិនតៃវ៉ាន់), វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដេស, ថៃ, កូរ៉េខាងត្បូង, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាឡេស៊ី, ជប៉ុន, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឡាវ,កាមេរ៉ូន, នីហ្សេរីយ៉ា, យូហ្គាន់ដា, សេរ៉ាលីអូន, ម៉ុងហ្គោលី, រុស្ស៊ី, ស្រីលង្កា,អាល់ហ្សេរ៉ី, សឹង្ហបូរី។

ក្នុងក្របខណ្ឌនៃការអនុវត្តវិធានការជាក់ស្តែងនេះដែរ ជនបរទេសចំនួន ៤០៣៩នាក់ ក្នុងនោះស្ត្រី៦០៥នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្សផងដែរ

ជាមួយនឹងលទ្ធផលទាំងនេះ ដៃគូអន្តរជាតិនៃបណ្តាប្រទេសលើពិភពលោក និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានកោតសរសើរចំពោះឆន្ទៈច្បាស់លាស់និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាត និងបង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានរួមចំណែកក្នុងកិច្ចខិតខំជាសកលក្នុងជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងលេខាធិការដ្ឋានគ.ប.ឆ.ប. នាពេលកន្លងមក ដៃគូទាំងអស់សុទ្ធតែបានទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារតែក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ប្រទេសកម្ពុជាជាទីតាំងឬជាចំណុចឆ្លងកាត់សម្រាប់ប្រព្រឹត្តសកម្មភាពឆបោក ដោយពួកឧក្រិដ្ឋជនក៏បានចូលមកកម្ពុជាតាមប្រទេសផ្សេងទៀតក្នុងតំបន់

ខណៈប្រទេសជិតខាងខ្លះកំពុងព្យាយាមតាំងខ្លួនជាប្រទេសស្អាតស្អំធ្វើខ្លួនជាតួឯកក្នុងរឿងប្រឆាំងការឆបោក ប្រទេសនេះបាន និងកំពុងលាបពណ៌មកលើកម្ពុជា ថែមទាំងបានបញ្ជូនក្រុមឧក្រិដ្ឋជនឱ្យចូលមកកម្ពុជា ដើម្បីលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ហើយផលចំណេញបានទៅដល់ដៃក្រុមមេខ្លោងឧក្រិដ្ឋកម្មឆបោកដែលកំពុងស្ថិតនៅក្នុងប្រទេសខ្លួន។ សមត្ថកិច្ចកម្ពុជាកំពុងស៊ើបអង្កេតករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រទេសដដែលនេះបានព្យាយាមប្រើគ្រប់ល្បិចកលដើម្បីមួលបង្កាច់កម្ពុជាម្តងហើយម្តងទៀត និងបំភាន់មតិអន្តរជាតិឱ្យយល់ច្រឡំមកលើកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។

បណ្តាប្រទេសជាដៃគូនៅលើពិភពលោកបានទទួលស្គាល់ថាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាបញ្ហាសកលលោក ហើយចាំបាច់ទាមទារក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងយន្តការរួមគ្នាដើម្បីប្រឆាំង ហើយកម្ពុជាបានក្លាយជាតួអង្គមួយដ៏សំខាន់ក្នុងការទំនាក់ទំនង និងយន្តការកិច្ចសហការប្រតិបត្តិការតំបន់ និងសកល។ កម្ពុជាបានផ្តល់កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងបរិបទនេះ កម្ពុជាបានបន្តសហការយ៉ាងសកម្មជាមួយបណ្តាដៃគូអន្តរជាតិ ក្នុងកិច្ចពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗលើវិធីសាស្រ្តបច្ចេកទេសស៊ើបអង្កេត ការផ្តន្ទាទោសឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការប្រមូលភស្តុតាង ការរក្សាការពារ ការចែករំលែកនិងការទទួលយកភស្តុតាងអេឡិចត្រូនិក ការស៊ើបអង្កេតហិរញ្ញវត្ថុ យុទ្ធសាស្ត្រការពារជនរងគ្រោះ និងការការពារសាក្សីជាដើម។

លេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយបណ្តាដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។

សូមរំលឹកជូនថាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចុះបទបញ្ជាដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់។