ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងពាណិជ្ជកម្ម និងសមាគមអតីតនិស្សិតកម្ពុជា-កូរ៉េ (CAMKAA) ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការលើកកម្ពស់វិនិយោគនៅកម្ពុជា តាមរយៈកម្មសិទ្ធិបញ្ញា កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម និងការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មតាមប្រព័ន្ធអនឡាញ។
សិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការលើកកម្ពស់វិនិយោគនៅកម្ពុជា តាមរយៈកម្មសិទ្ធិបញ្ញា កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម និងការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មតាមប្រព័ន្ធអនឡាញ បានរៀបចំឡើងនាថ្ងៃទី៣០ ខែមេសា នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានគោលដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញារបស់កម្ពុជា តាមរយៈការលើកកម្ពស់ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម ការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មបរទេស និងការសម្របសម្រួលការធ្វើពាណិជ្ជកម្មលើការរកឃើញថ្មីៗ។
ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “កម្មសិទ្ធិបញ្ញាជួយការពារសិទ្ធិរបស់តក្កករ អ្នកច្នៃប្រឌិត និងសហគ្រិន ដោយលើកទឹកចិត្តដល់ការអភិវឌ្ឍគំនិត និងបច្ចេកវិទ្យាថ្មីៗ។ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលំហូរចរន្តនៃការច្នៃប្រឌិត និងការវិនិយោគឱ្យកាន់តែមានសន្ទុះខ្លាំងក្លាផងដែរ។”
សិក្ខាសាលាបានចែករំលែកយុទ្ធសាស្ត្រទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសតាមរយៈកម្មសិទ្ធិបញ្ញា ដោយមានតំណាងពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកជំនាញកម្ពុជា និងកូរ៉េ ចែករំលែកឧត្តមានុវត្តន៍ និងមេរៀនសំខាន់ៗស្តីពីបរិវត្តកម្មសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ។
ចាប់តាំងពីការបើកដំណើរការនៅកម្ពុជាក្នុងឆ្នាំ១៩៩៤ ទីភ្នាក់ងារ KOICA បានបន្តរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរជំនាញ និងការផ្ទេរបច្ចេកវិទ្យា ដោយបានបញ្ជូនមន្ត្រីកម្ពុជា ៤.១៧៩នាក់ទៅចូលរួមកម្មវិធីបណ្តុះបណ្តាលនៅប្រទេសកូរ៉េ៕