កម្ពុជា ទទួលបានប្រាក់កម្ចី ៥០លានដុល្លារ ពីធនាគារ ADB ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុ

MC ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានសម្រេចអនុម័តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុកម្ពុជា ខណៈឥណទាននេះផ្តោតលើគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានដែលមិនមែនជាធនាគារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ ADB នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្មវិធីអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់ ខណៈវិស័យហិរញ្ញវត្ថុរបស់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ការអភិវឌ្ឍបន្ថែមគឺចាំបាច់ ដើម្បីជំរុញសក្តានុពលពេញលេញរបស់ប្រទេស។ លោក Anthony Gill នាយកស្តីទីរបស់ ADB ប្រចាំកម្ពុជា បានលើកឡើងថា ដំណើររបស់កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ន និងនិរន្តរភាព បានចាក់ឫសក្នុងចក្ខុវិស័យរបស់ប្រទេស ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នាយកស្តីទីរបស់ ADB ប្រចាំកម្ពុជាអះអាងថា៖ «តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ប្រទេស កសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និង ជំរុញសក្តានុពលវិស័យឯកជន។ តាមរយៈការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយថាមពល និងបរិយាបន្ន ADB មានគោលបំណងផ្តល់អំណាចដល់ស្ថាប័នអាជីវកម្ម ទាក់ទាញការវិនិយោគ និងធានាថាវិបុលភាពគ្របដណ្ដប់គ្រប់ជ្រុងនានាក្នុងសង្គម»។ បើតាមលោក Anthony Gill ដំណាក់កាលដំបូងនៃកម្មវិធីដែលបានអនុម័តនេះ នឹងផ្តោតសំខាន់លើការពង្រឹងបរិយាកាសបទប្បញ្ញត្តិ ស្ថិរភាពហិរញ្ញវត្ថុ សកម្មភាពទីផ្សារ និងការការពារអ្នកប្រើប្រាស់។ វាក៏ផ្ដោតលើការបង្កើតផែនការយុទ្ធសាស្ត្រសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ទ្រព្យឌីជីថល រូបិយបណ្ណគ្រីបតូ និងការផ្ដល់ហិរញ្ញប្បទានទៅវិញទៅមកតាមវិស័យ៕