កម្ពុជា ជំរុញការអនុវត្តការប្រកួតប្រជែង ថាមពលឆ្លាតវៃលើអគារពាណិជ្ជកម្ម ឱ្យបានចំនួន២៥ភាគរយ នៅរដូវកាលទី៣

ក្រសួងបរិស្ថាន និងក្រុមហ៊ុន សិវែ(Sevea) បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីថាមពលឆ្លាតវៃ(PowerWise) ដែលជាកម្មវិធីផ្តួចផ្តើមគំនិត និងត្រួសត្រាយផ្លូវ ដើម្បីពន្លឿនប្រសិទ្ធភាពថាមពលនៅក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងថា កម្មវិធីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅមហិច្ឆតាឆ្នាំ២០៥០របស់ប្រទេសកម្ពុជា។ លើសពីនេះ តាមរយៈការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពលជាតិ ការប្រកួតប្រជែងគាំទ្រដោយផ្ទាល់ដល់គោលបំណងកាត់បន្ថយថាមពល នៅក្នុងអគារពាណិជ្ជកម្ម។
ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា «គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះនិរន្តរភាពបរិស្ថានផងដែរ។ អគារដែលចូលរួមអាចសម្រេចបាននូវការសន្សំការចំណាយយ៉ាងច្រើនដោយបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល។ ដូច្នេះរួមចំណែកដល់ការកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់»។
កម្មវិធី PowerWise នឹងជំរុញឲ្យមានការចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនពាណិជ្ជកម្ម ឬអង្គការមិនមែនរដ្ឋាភិបាលចំនួន៣០នៅទូទាំងប្រទេសកម្ពុជា។ គម្រោងផ្តួចផ្តើមនេះគាំទ្រដោយផ្ទាល់ដល់សូចនាករប្រកបដោយមហិច្ឆតារបស់កម្ពុជា ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មចំនួន២៥ភាគរយ នៅឆ្នាំ២០៣០ ដូចដែលបានចែងនៅក្នុងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (NEEP) ២០២២-២០៣០។
លោក Mr. Frantz Vaganay នាយកក្រុមហ៊ុន សិវែ យល់ថា កម្ពុជាកំពុងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យថាមពលរបស់ខ្លួនយ៉ាងសកម្ម ដែលរួមមានតម្រូវការនៃការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថេរភាព និងតម្លៃសមរម្យ។
ដូចគ្នានេះ កញ្ញា ម៉ូ សេត យ៉ាដាណា នាយិកាផ្នែកលក់ និងទីផ្សារពីសណ្ឋាគារ និងអាផាតមេន ហ៊ីម៉ាវ៉ារី គាំទ្រដល់កម្មវិធីនេះ ដោយលើកឡើងថា ការរួមចំណែកក្នុងការសម្រេចបានទិសដៅទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
តាមរយៈការសិក្សាដោយគូសបញ្ជាក់ពីបញ្ហាប្រឈមជាអាទិភាពដោយត្រូវការដំណោះស្រាយជាបន្ទាន់បានបង្ហាញថា រហូតដល់៣០ភាគរយនៃថាមពលដែលប្រើប្រាស់នៅក្នុងអគារពាណិជ្ជកម្ម ត្រូវបានខ្ជះខ្ជាយ៕