នាព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា គ.ប.ឆ.ប. ដឹកនាំ តាមដាន និងគាំទ្រយន្តការថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ ក្នុងប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយលេខាធិការដ្ឋានគ.ប.ឆ.ប. ត្រៀមខ្លួនសហការជាមួយប្រទេសពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានចាត់ទុកការបង្កើតគ.ប.ឆ.ប. និងការចេញបទបញ្ជារបស់រាជរដ្ឋាភិបាល បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា ភាគីចិននឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ គ.ប.ឆ.ប. ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕