កម្ពុជា គឺជាប្រទេសលេចធ្លោចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងវិបត្តិការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ «កម្ពុជា គឺជាប្រទេសលេចធ្លោមួយ ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ» នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកសហគមន៍មូលដ្ឋាន និងជាប្រធានលេខាធិការដ្ឋានកិច្ចការឥណទានកាបូននៃក្រសួងបរិស្ថាន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការរៀបចំសេចក្តីព្រាងឯកសារកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្ពុជា ក្រោមកម្មវិធី SCALE (World Bank’s Scaling Climate Action for Lowering Emissions) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Angkor Phokeethra Sofitel ខេត្តសៀមរាប។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងធនាគារ World Bank ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល មន្ទីរបរិស្ថានទាំង៤ (ព្រះវិហារ ស្ទឹងត្រែង កំពង់ធំ និងក្រចេះ) អង្គការដៃគូ និងតំណាងជនជាតិដើមភាគតិច។

ឯកឧត្តម កែន សេរីរដ្ឋា បានគូសបញ្ជាក់ឱ្យដឹងថា កម្ពុជា គឺជាប្រទេសលេចធ្លោមួយ ក្នុងចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគម្រោងរេដបូក ដែលយើងបានរៀបចំអនុវត្តន៍ការងារនេះប្រកបដោយការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ ឯកឧត្តមបានបន្តទៀតថា សិក្ខាសាលាពិគ្រោះយោបល់នាពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលជាឱកាសឱ្យអ្នកចូលរួមទាំងអស់បានជួបជុំគ្នាដើម្បីប្រមូលធាតុចូល ចែករំលែកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ជាលក្ខណៈវិទ្យាសាស្ត្រ លក្ខណៈប្រពៃណីរបស់អ្នកពាក់ព័ន្ធពិសេសបងប្អូនជនជាតិដើមភាគតិច ដើម្បីធ្វើយ៉ាងណារៀបចំគម្រោងនេះឱ្យបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គម្រោងនេះ មិនមែនរៀបចំឡើងសម្រាប់តែក្រសួងបរិស្ថាននោះទេ គឺជាគម្រោងដែលរៀបចំឡើងដើម្បីជាឧត្តមប្រយោជន៍របស់កម្ពុជាទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមអំពីការរៀបចំនូវយន្តការពង្រឹងនិងពង្រីកនូវសេដ្ឋកិច្ច មូលដ្ឋានរបស់ប្រជាសហគមន៍មូលដ្ឋានជាង២០០សហគមន៍ ដែលបាននិងកំពុងអាស្រ័យផលអនុផលព្រៃឈើពីតំបន់ការពារធម្មជាតិ។ សមិទ្ធផលដែលយើងទាំងអស់គ្នា ពិសេស ប្រជាសហគមន៍កំពុងតែទទួលបាននាពេលនេះ គឺកើត ចេញពីចក្ខុវិ័ស័យប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឺទ្ធសភា និងបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រើប្រាស់នូវសមិទ្ធផល និងដើមទុន ដែលសម្តេចតេជោ និងសម្តេចធិបតី បានរៀបចំនេះ បង្កើតបាននូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនគ្រប់ជំនាន់៕