កម្ពុជាស្វាគមន៍កំណើតកូនផ្សោតថ្មីទី ៨ នៅអន្លង់កាំពី ខេត្តក្រចេះ កាលពីថ្ងៃទី០១ ខែធ្នូ

(ខេត្តក្រចេះ)÷កូនផ្សោតដែលទើបកើតថ្មីចំនួន១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់ ១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន៤ក្បាលផ្សេងទៀត។ 

គួរបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែល​ពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ និង១៨ថ្ងៃ ពោលគិតចាប់​ពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈកូនផ្សោតកើតថ្មីនេះទៀតសោត ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិមានចំនួនសរុបកើនដល់ ១១២ក្បាល។ 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង អំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបាន​ចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣,០១១ ៣៥៥៨៨៣,០៩៩ ៧៩១៩១៩, ០៩២ ៩​១៨​១៤​៤ និង ០១៧ ៨១៨៣៨២៕