កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0) តាមរយៈការវិនិយោគលើបណ្តាញអគ្គិសនី ដើម្បីជំរុញថាមពលស្អាត និងសន្តិសុខថាមពល

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់ស្តីពី «ការផ្តល់ថាមពលសម្រាប់អនាគត៖ បណ្តាញអគ្គិសនីសម្រាប់សន្តិសុខថាមពល និងវិបុលភាព» ក្រោមគំនិតផ្តួចផ្តើម Global Grids Accelerator ដឹកនាំដោយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងអំឡុងកិច្ចប្រជុំកំពូលមេដឹកនាំ និងសន្និសីទ COP31 នៅទីក្រុងអង់តាលីយ៉ា ប្រទេសតួកគី។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងបទអន្តរាគមន៍ដោយគូសបញ្ជាក់ថា ការពង្រីក និងធ្វើទំនើបកម្មបណ្តាញអគ្គិសនី ជាមូលដ្ឋានសំខាន់សម្រាប់ការអនុវត្ត NDC 3.0 និងការសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាមានមហិច្ឆតាខ្ពស់ក្នុងការវិនិយោគលើថាមពលកកើតឡើងវិញ ដែលតម្រូវឱ្យមានការគាំទ្រទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។

ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតួនាទីចាំបាច់របស់បណ្តាញអគ្គិសនីក្នុងការពន្លឿនអន្តរកាលថាមពលស្អាត។ ឯកឧត្តមបានអំពាវនាវឱ្យរដ្ឋាភិបាលដាក់ការអភិវឌ្ឍបណ្តាញអគ្គិសនីជាអាទិភាពក្នុងផែនការរយៈពេលវែង និងជំរុញការបង្កើនការវិនិយោគលើបណ្តាញអគ្គិសនីសកលចំនួន៥០ភាគរយនៅត្រឹមឆ្នាំ២០៣០ ដោយពង្រឹងភាពឆ្លាតវៃ ភាពធន់ និងការតភ្ជាប់ឆ្លងដែន៕