កម្ពុជាមានមោទនភាពខ្លាំងបំផុត ដោយសិស្សឆ្នើមសាលាប៉ាម៉ាអន្តរជាតិចំនួន ៣រូប ទទួលបានពានរង្វាន់ និងមេដាយកម្រិតអន្តរជាតិ នៅទីក្រុងជូហៃ ប្រទេសចិន….
សាលាប៉ាម៉ាអន្តរជាតិបានបញ្ជូនសិស្សឆ្នើមចំនួន ៣រូប និងជាបេក្ខជនតំណាងឲ្យប្រទេសកម្ពុជា ដោយទទួលបានពានរង្វាន់ និងមេដាយសរុបចំនួន៨ ក្នុងនោះពានរង្វាន់១ មេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ២ ដែលបានបញ្ចេញអស់ពីសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួត” គណិតវិទ្យា វិទ្យាសាស្រ្ត និងអង់គ្លេសអូឡាំព្យាដ វគ្គផ្តាច់ព្រ័ត្រ” នៅទីក្រុងជូហៃ សាធារណរដ្ឋប្រជាមានិតចិន។
តាមប្រសាសន៍លោកស្រី ផុន សិរីវឌ្ឍនី ស្ថាបនិក និងជាប្រធានទីប្រឹក្សាអភិវឌ្ឍកម្មវិធីសិក្សាជាន់ខ្ពស់នៃសាលាប៉ាម៉ាអន្តរជាតិ បានឲ្យដឹងថា កម្មវិធីនេះបានបង្ហាញពីកម្រិតប្រកួតប្រជែងខ្ពស់លើឆាកអន្តរជាតិ ដោយមានសាលាមកពីប្រទេសចំនួន៩ ក្នុងនោះមានតែ៥ប្រទេសទេ ដែលបានឈានទៅចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសារអូឡាំព្យាដកម្រិតសាកល លើមុខវិជ្ជា គណិតវិទ្យា, វិទ្យាសាស្រ្ត និងភាសាអង់គ្លេស។
ជាលទ្ធផលក្នុងការប្រកួតរយៈពេល៤ថ្ងៃនេះ នៅទីក្រុងជូហៃ យុវសិស្សសាលាប៉ាម៉ាអន្តរជាតិ ដែលទទួលបានជ័យលាភីទាំង៣រូប បានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជាថា រូបគាត់ពិតជាមានអារម្មណ៍រីករាយជាខ្លាំង ដែលអាចយកឈ្នះបេក្ខជនជាច្រើនក្នុងការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រមួយនេះ ដោយអាចជួយឲ្យពួកគាត់បញ្ចេញនូវសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អ។ យុវសិស្សឆ្នើមទាំងបីនាក់បានបញ្ជាក់បន្ថែមថា កម្មវិធីប្រកួតប្រជែងនេះ ចំពោះវិញ្ញាសារប្រលងគឺមានការពិបាកដែរ តែទោះជាយ៉ាងណាក៏រូបគេនឹងប្រកួតឲ្យអស់ពីសមត្ថភាព ហើយរហូតទទួលបានជ័យលាភីនាពេលនេះ។
សូមបញ្ជាក់ថា សាលាប៉ាម៉ាអន្តរជាតិបានបង្កើតឡើងក្នុងឆ្នាំ២០.. មានចាប់ពីកម្រិតវគ្គបំប៉នខ្មែរ គណិត រូប គីមី និងមត្តេយ្យដល់ថ្នាក់ទី១២ ហើយមានសាខាចំនួន៣ ស្ថិតក្នុងក្រុងកំពង់សោម។ សាលាប៉ាម៉ាអន្តរជាតិមានកម្មវិធីសិក្សាជាច្រើនរួមមាន កម្មវិធីប៉ាម៉ាគិតលេខរហ័ស, កម្មវិធីប្រេនស្គែន, កម្មវិធីជាតិពិសេសចំណេះទូទៅភាសាខ្មែរ, កម្មវិធីភាសាអង់គ្លេសដែលទទួលស្គាល់ពីប្រទេសអូស្ត្រាលីជាដើម។ល។



