កម្ពុជាប្រកាសដាក់ឱ្យអនុវត្តផែនការគោល ១០ឆ្នាំ (២០២៥-២០៣៥) ដើម្បីពង្រឹងអភិបាលកិច្ច និងតម្លាភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

ខេត្តព្រះសីហនុ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់ស្តីពី “ផែនការគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៥- ២០៣៥”។ ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ឆ្នេរសុខា
ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈួន សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិត ឈួន សុភាព រដ្ឋលេខាធិការ
បានមានប្រសាសន៍ថា ផែនការគោលនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុត ដែលត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គោលដៅចម្បងនៃយុទ្ធសាស្ត្រនេះគឺ៖
• ពង្រឹងអភិបាលកិច្ច៖ បង្កើនវិន័យហិរញ្ញវត្ថុ និងគណនេយ្យភាពក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិជាតិ។
• ចក្ខុវិស័យវែងឆ្ងាយ៖ រៀបចំគ្រឹះសេដ្ឋកិច្ចរឹងមាំ ដើម្បីឈានទៅសម្រេចគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកសារយុទ្ធសាស្ត្រដែលមានកម្រាស់ ៧១ទំព័រ និងចែកចេញជា ១០ជំពូកនេះ ត្រូវបានអនុម័តឱ្យអនុវត្តជាផ្លូវការតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារបច្ចេកទេស ក្នុងការបង្កើតនូវប្រព័ន្ធគ្រប់គ្រងមួយដែលមានលក្ខណៈវិទ្យាសាស្ត្រ និងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាទំនើប។
ទិសដៅយុទ្ធសាស្ត្រកែទម្រង់ស៊ីជម្រៅទាំង ៦ ចំណុចដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានកំណត់មុំកែទម្រង់សំខាន់ៗចំនួន ៦ រួមមាន៖
១. ផ្នែកច្បាប់៖ កែលម្អច្បាប់ និងបទដ្ឋានគតិយុត្តឱ្យមានសង្គតិភាព និងភាពច្បាស់លាស់។
២. ស្ថាប័ន៖ បែងចែកអំណាច និងការទទួលខុសត្រូវរវាងស្ថាប័នឱ្យមានប្រសិទ្ធភាព និងបរិយាបន្ន។
៣. វិមជ្ឈការ៖ ជំរុញការផ្ទេរសិទ្ធិអំណាចគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
៤.បច្ចេកវិទ្យា៖ ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា SARMIS សម្រាប់ការធ្វើបញ្ជីសារពើភណ្ឌឱ្យមានតម្លាភាព។
៥.សេដ្ឋកិច្ច៖ បង្កើនចំណូលថវិការដ្ឋតាមរយៈការចាត់ចែង និងទាញយកសក្តានុពលពីទ្រព្យសម្បត្តិរដ្ឋ។
៦.ការបង្ក្រាប៖ លុបបំបាត់រាល់ការរំលោភបំពានលើទ្រព្យសម្បត្តិរដ្ឋក្នុងគ្រប់រូបភាព។

ឯកឧត្តម បានបន្ថែមថា ផែនការគោល ២០២៥-២០៣៥ នឹងដើរតួជា “ប្រទីបបង្ហាញ ផ្លូវ” សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ក្នុងការ គ្រប់គ្រងទ្រព្យសម្បត្តិជាតិឱ្យស្របតាមគោលការណ៍ “ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព”។

ជាទិសដៅបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ឱ្យគ្រប់អង្គភាពត្រូវរៀបចំផែនការសកម្មភាពជាក់ស្តែងដែលប្រទាក់ក្រឡាគ្នា និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ដើម្បីធានាបាននូវភាពជោគជ័យនៃយុទ្ធសាស្ត្រជាតិមួយនេះ៕

អត្ថបទ ៖ ផូង ថៃ