កម្ពុជាបង្ហាញសក្តានុពលនៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ក្នុងសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម»

នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយលោក Tassilo Bronzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានអញ្ជើញជាសហធិបតីក្នុងសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម» ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. EuroCham និងគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម។ សន្និសីទនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់សមភាគីក្នុងតំបន់រួមមាន EuroCham ប្រចាំនៅប្រទេសវៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសឡាវ, ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC), សមាជិកនៃគណៈកម្មាធិការដឹកជញ្ជូននិងភស្តុភារកម្ម ព្រមទាំងសមាជិកនៃគណៈកម្មាធិការពាក់ព័ន្ធផ្សេងទៀតផងដែរ។

សន្និសីទដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖

១. បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានតាមរយៈការសម្របសម្រួលនៃឯកសារទស្សនាទានគោលនយោបាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS Policy Paper)។

២. រំលេចនូវភាពជោគជ័យនៃគម្រូកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាភស្តុភារកម្មរបស់កម្ពុជា។

៣. បង្ហាញជូនសមភាគីក្នុងតំបន់អំពីការធ្វើទំនើបកម្ម និងកំណែទម្រង់ស៊ីជម្រៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា។

៤. ពង្រឹងភាពប្រកួតប្រជែង តាមរយៈការបង្កើនការយល់ដឹង និងភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជា «មជ្ឈមណ្ឌលភស្តុភារកម្ម និងពាណិជ្ជកម្ម» ប្រកបដោយសក្តានុពលក្នុងតំបន់។

លើសពីគោលបំណងដូចដែលបានរៀបរាប់ខាងលើ សន្នីសីទក៏បានដាក់ចេញនូវទិសដៅមួយចំនួនទៀតសម្រាប់កម្ពុជា សំដៅធ្វើឱ្យក្លាយទៅជាទីផ្សារដែលមានទស្សនវិស័យវែងឆ្ងាយ និងកំពុងធ្វើកំណែទម្រង់យ៉ាងសកម្ម ព្រមទាំងធ្វើទំនើបកម្មក្របខណ្ឌភស្តុភារកម្មរបស់ខ្លួនផងដែរ។ ការដាក់ចេញនូវទិសដៅទាំងនោះធ្វើឡើងក្នុងគោលបំណង៖ (១)ផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជំរុញដោយកំណើននៃការនាំចេញ, (២)បង្ហាញពីកំណែទម្រង់ក្នុងវិស័យភស្តុភារកម្មបែបបញ្ជូនរហ័ស (Express Logistics) និងកិច្ចសម្រួលផ្នែកគយ, (៣)បង្ហាញពីឥទ្ធិពលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន, និង (៤) លើកទឹកចិត្តឱ្យមានការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឆ្លងដែនជាមួយភាគីពាក់ព័ន្ធក្នុងតំបន់។

ជាលទ្ធផលរំពឹងទុក តាមរយៈសន្និសីទនេះនឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនភាពលេចធ្លោក្នុងតំបន់អំពីវឌ្ឍនភាពនៃវិស័យភស្តុភារកម្មរបស់កម្ពុជា ពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានភាពធន់ក្នុងបរិបទសកលភាវូបនីយកម្ម៕