កម្ពុជាបង្ហាញលទ្ធផលបង្ក្រាបគ្រឿងញៀនដ៏ធំ នៅក្នុងកិច្ចប្រជុំទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់មេគង្គ-ឡានឆាង

នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានជួបប្រជុំទ្វេភាគីជាមួយលោក វង្សសៃ ផាន់ថាវង្ស លេខាធិការរងនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់មេគង្គ-ឡានឆាង (LMECC) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងលោកលោកស្រី នាយករង នាយការិយាល័យនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅក្នុងកិច្ចប្រជុំទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់មេគង្គ-ឡានឆាង (LMECC) ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងជោគជ័យក្នុងឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ បើទោះបីជាល្បិចកលរបស់ក្រុមឧក្រិដ្ឋជនមានការវិវត្តកាន់តែស្មុគស្មាញក៏ដោយ។ឯកឧត្តម នាយក បានប្រសាសន៍បន្តថា និន្នាការនៃឧក្រិដ្ឋកម្មគ្រឿងញៀនសកល និងក្នុងតំបន់ នៅតែបន្តប្រែប្រួលយ៉ាងគំហុករហូតដល់មានការលួចលាក់កែច្នៃ និងផលិតសារធាតុញៀនថ្មីៗក្នុងទម្រង់ខ្នាតតូចតាមខុនដូ និងផ្ទះជួល។ យ៉ាងណាក៏ដោយ ក្រោមការខិតខំប្រឹងប្រែង ក្នុងឆ្នាំ២០២៥ កន្លងទៅ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៩,២១៨ ករណី (កើនឡើង ១០.៥៦%) និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២២,៥២៦ នាក់។ ក្នុងនោះ គ្រឿងញៀនដែលចាប់យកបានមានទម្ងន់សរុបជាង ៧ តោន ៨៥១ គីឡូក្រាម រួមទាំងសារធាតុគីមីផ្សំជាង ៤៨ តោន ផងដែរ។ដោយឡែក សម្រាប់រយៈពេលឆមាសទី១ នៃឆ្នាំ២០២៦ នេះ សមត្ថកិច្ចបង្ក្រាបបានចំនួន ៤,៦២៨ ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១១,៦៨៤ នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនបានជាង ៦៩៣ គីឡូក្រាម។របាយការណ៍ដដែលបានគូសបញ្ជាក់ថា ក្នុងចំណោមប្រតិបត្តិការសរុប គឺមានករណីធំៗ (ចាប់ពី ១គីឡូក្រាមឡើងទៅ) ចំនួន ១០៤ ករណី ដែលឈានទៅដល់ការឃាត់ខ្លួនឧក្រិដ្ឋជនសរុប ៣១៩ នាក់ មានរហូតដល់ ១១ សញ្ជាតិ (ក្នុងនោះមានជនជាតិខ្មែរ វៀតណាម ថៃ ចិន ឡាវ តៃវ៉ាន់ ភូមា ម៉ាឡេស៊ី និងប៉ាគីស្ថាន) ដោយដកហូតបានគ្រឿងញៀនចម្រុះប្រភេទដូចជា មេតំហ្វេតាមីន (ICE) អ៊ុចស្តាស៊ី កេតាមីន កូកាអុីន និងហេរ៉ូអុីន។ក្រៅពីលទ្ធផលក្នុងស្រុក កម្ពុជានៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្តដូចជា កិច្ចសហការជាមួយវៀតណាមបង្ក្រាបបាន ៤ ករណី ឃាត់ខ្លួនជនល្មើស ៤៧ នាក់ និងរឹបអូសគ្រឿងញៀនឆ្លងដែនបានជាង ៩៤៤ គីឡូក្រាម កិច្ចសហការជាមួយទីភ្នាក់ងារ DEA របស់អាមេរិក បង្ក្រាបបាន ៨ ករណី ឃាត់ខ្លួនមនុស្ស ២២ នាក់ និងចាប់យកគ្រឿងញៀនបានរហូតដល់ជាង ៦ តោន ៣២៥ គីឡូក្រាម។ទោះជាទទួលបានលទ្ធផលនៃការបង្ក្រាបនេះមានលទ្ធផល្អគួរឱ្យកត់សម្គាល់ក្តី ឯកឧត្តម ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗមួយចំនួនផងដែរ ដូចជាការខ្វះខាតឧបករណ៍សម្ភារបច្ចេកទេសទំនើបៗនៅតាមច្រកទ្វារព្រំដែន ក្រុមឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធគមនាគមន៍អនឡាញដើម្បីបញ្ជាទិញលក់ និងការអូសទាញប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមព្រំដែនឱ្យចូលរួមសកម្មភាពខុសច្បាប់។

លោក វង្សសៃ ផាន់ថាវង្ស បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកម្ពុជា ដែលបានទប់ស្កាត់មិនឱ្យកម្ពុជាក្លាយជាទីតាំងស្តុកទុក ឬផ្លូវឆ្លងកាត់គ្រឿងញៀនទៅកាន់ប្រទេសទី៣។ លោកបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលមេគង្គ-ឡានឆាង មានគម្រោងផ្តល់ជូននូវសម្ភារៈបច្ចេកទេសទំនើបៗមួយចំនួនដល់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ព្រមជាមួយគ្នានេះ មជ្ឈមណ្ឌលសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលយើងបន្តទៀត។”

ក្នុងកិច្ចប្រជុំនោះដែល ឯកឧត្តម ឃឹង សារ៉ាត់ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីស្វែងរក និងកម្ទេចឫសគល់នៃបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនទាំងនេះឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕