កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រឡងកីឡាវាយកូនហ្គោលលំដាប់ពិភពលោក «LEGENDS TOUR» នាខែវិច្ឆិកា ឆ្នាំ 2025 ខាងមុខនេះ

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានរៀបចំកម្មវិធី Media Day សម្រាប់ព្រឹត្តិការណ៍ Vattanac Legends Championship ក្រោមវត្តមាន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ។

LEGENDS TOUR គឺជាកីឡាវាយកូនហ្គោល លំដាប់ពិភពលោក នឹងមកដល់ប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីថ្ងៃ២១ដល់ ២៣វិច្ឆិកា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតជើងឯកវឌ្ឍនៈឡេជិន « VATTANAC LEGENDS CHAMPIONSHIP » ដែលនឹងប្រព្រឹត្តទៅនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីហ្សត។

កម្មវិធីនេះមិនត្រឹមតែជាការប្រកួតតែមួយមុខទេ ថែមទាំងបានជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចសម្រាប់កម្ពុជា បង្ហាញពីវប្បធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាទៅកាន់ពិភពលោក ជំរុញទឹកចិត្តអ្នកវាយកូនហ្គោលជំនាន់ក្រោយរបស់កម្ពុជាអោយមានឈ្មោះបោះសម្លេងទៅកាន់អន្តរជាតិ និងការកើនឡើងចំណាប់អារម្មណ៍លើប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ ជួយគាំទ្រ ដល់សេដ្ឋកិច្ចក្នុងស្រុក។

ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ជើងឯកនេះគឺជាការប្រកួតកីឡាពិភពលោកដ៏ធំមួយ ដែលបើកទំព័រថ្មីសម្រាប់ជាតិ និងបង្ហាញអំពីប្រទេសកម្ពុជាលើឆាកអន្តរជាតិក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលំដាប់ពិភពលោក។ តាមរយៈព្រឹត្តិការណ៍បែបនេះ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី បានបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជា ហើយក៏បានបង្ហាញថាកីឡាអាចពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រទេស និងប្រទេសផងដែរ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានបន្តថាកីឡាវាយកូនហ្គោលគឺជាល្បែងកម្សាន្តដែលពោរពេញដោយវិន័យ ការគោរព និងភាពថ្លៃថ្នូរ។ កីទ្បានេះបានបង្រៀន យើងអំពីការអត់ធ្មត់ ភាពផ្ចង់អារម្មណ៍ និងភាពស្មោះត្រង់។ កីឡាវាយកូនហ្គោលនេះ អាចលេងបាន សម្រាប់មនុស្សគ្រប់វ័យ ជាកីឡាដែលនាំមនុស្សទាំងអស់ មានបរិយាកាសនៃស្មារតីកីឡារួមគ្នា និងការគោរពគ្នាទៅវិញទៅមក។

តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈសង្ឃឹមថាប្រជាជនខ្មែរនឹងស្គាល់ពីកីឡាវាយកូនហ្គោលនេះឲ្យបានកាន់តែច្រើន ព្រមទាំងបំផុសគំនិតដល់បងប្អូនជំនាន់ក្រោយឲ្យចូលចិត្តលេងកីឡានេះប្រកបដោយមោទនភាព៕