កម្ពុជានិងប្រទេសហត្ថលេខីក្នុងមហាអនុតំបន់ទន្លេមេគង្គ(MOU) នឹងចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្ដីពីគ្រឿងញៀន។

រាជធានីភ្នំពេញ : ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានប្រតិភូបានជម្រាបជូនមុនចាកចេញពីកម្ពុជាថា តបតាមការអញ្ជើគណៈកម្មាធិការកណ្តាលត្រួតពិនិត្យគ្រឿងញៀន មីយ៉ាន់ម៉ា (CCDAC) កម្ពុជាបានចាត់បញ្ជូនមន្ត្រីជាន់ខ្ពស់កម្ពុជាចំនួន១៣រូប ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈ កម្មាធិការមន្ត្រីជាន់ខ្ពស់នៃប្រទេសហត្ថលេខី នៃអនុស្សរណៈយោគយល់គ្នា ស្តីពីបញ្ហាគ្រឿងញៀននៅក្នុងមហា អនុតំបន់ទន្លេមេគង្គ (MOU) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងYangon នៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្តថា កិច្ចប្រជុំលើកនេះគឺរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពការងារសំខាន់ដែលបានសម្រេចក្នុងកិច្ចប្រជុំកាលពីឆ្នាំ២០២៤ កន្លងទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មានដូចជា :
១. ស្ថានភាពគ្រឿងញៀននៅក្នុងតំបន់ ក្នុងពេលបច្ចុប្បន្ន
២.ការអនុវត្តផែនការសកម្មភាព អនុតំបន់ XII
៣.លទ្ធផលកិច្ចប្រជុំ លើកទី៦៨ របស់គណៈកម្មាធិការគ្រឿងញៀនអង្គការសហប្រជាជាតិ
៤.ការអនុវត្តផែនការសកម្មភាព នៃក្រុមការងារទាំងបីដែលបានបង្កើត កន្លងមក គឺ ក្រុមការងារ អប់រំបង្ការ ក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ និងក្រុមការងារវិភាគនិងកោសល្យវិច្ច័យគ្រឿងញៀន
៥.ការពិនិត្យ ពិភាក្សា និងស្នើសុំការអនុម័តលើ ផែនការសកម្មភាពអនុតំបន់ ១៣ (SAP XIII) និង
៦.ទិសដៅ និងកិច្ចការសហការបន្ត

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ចំនួន៦ ដែលបានចាត់តំណាងដើម្បីចូលរួមជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមកិច្ចប្រជុំលើកនេះ ហើយមន្ត្រីទាំងអស់នឹងចាកចេញពីកម្ពុជានៅល្ងាចថ្ងៃទី១៥ ខែតុលា ហើយត្រឡប់មកវិញនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។