កម្ពុជាច្រានចោលការអះអាងរបស់ថៃ និងប្ដេជ្ញារក្សាអធិបតេយ្យភាពលើប្រាសាទតាមាន់ធំ

នៅថ្ងៃទី ២៣ ខែមិថុនានេះអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការ ដើម្បីបដិសេធ និងច្រានចោលទាំងស្រុងចំពោះការអះអាងមិនពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីដែលទាហានថៃនាំក្រុមអ្នកជិះកង់ជនជាតិថៃចំនួន ១៥០ នាក់ ឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដោយគ្មានការជូនដំណឹងជាមុន កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥។

ក្រសួងការពារជាតិ បានបញ្ជាក់ថា ប្រាសាទតាមាន់ធំស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់សកម្មភាពឆ្លើយតបរបស់កងទ័ពកម្ពុជាក្នុងករណីនេះ បានអនុវត្តដោយសុជីវធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាបានអំពាវនាវឱ្យភាគីថៃ គោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងទាំងឡាយដែលបានធ្វើឡើងរវាងទាំងពីរ និងឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងបង្កនូវអាសន្នភាពលើស្ថិរភាពតំបន់។

គណៈបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានផ្តល់សេចក្ដីបញ្ជាក់ច្បាស់លាស់ចំពោះហេតុការណ៍នោះ ដោយលើកឡើងថា៖

១. កងទ័ពកម្ពុជាមិនបានទទួលព័ត៌មានណាមួយពីភាគីថៃទាក់ទងនឹងការមកទស្សនារបស់ក្រុមអ្នកជិះកង់ទេ។

២. ការឆ្លើយតបរបស់កងទ័ពខ្មែរត្រូវបានអនុវត្តដោយសន្តិវិធី អនុញ្ញាតឱ្យថតរូប និងចាកចេញ ដើម្បីជៀសវាងភាពតានតឹង។

៣. ការចោទប្រកាន់ថាវិវាទនេះបណ្តាលមកពីការយល់ច្រឡំរវាងកងទ័ពកម្ពុជានិងរាជរដ្ឋាភិបាលខ្លួន គឺជាការបិទបាំងកំហុសរបស់ភាគីថៃ។

៤. កម្ពុជាបញ្ជាក់ថាប្រាសាទតាមាន់ធំស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ខ្លួនតាមផែនទីមាត្រដ្ឋាន ១:២០០,០០០ ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧។

កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តថានឹងបន្តការពារបូរណភាពទឹកដី និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការសន្តិភាពជាមួយប្រទេសជិតខាង ប៉ុន្តែបដិសេធការឱ្យប្រទេសណាមួយឈ្លានពានលើទឹកដីខ្លួន។