កម្ពុជាចាប់ផ្តើមដឹកជញ្ជូនអង្ករ ១០ ០០០តោន ជាទំនិញរាយតាមផ្លូវទឹកទៅកាន់ប្រទេសហ្វីលីពីន

ខេត្តព្រះសីហនុ ថ្ងៃទី១៦ កញ្ញា ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ការដឹកជញ្ជូនអង្ករចំនួន ១០ ០០០តោន តាមនាវាដឹកទំនិញរាយ (Bulk Cargo) របស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ (CITY RICE) ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ការនាំចេញដ៏ធំនេះ កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន CITY RICE ជាមួយក្រុមហ៊ុន DILAI TRADING និងស្ថាប័ន FOOD TERMINAL INCORPORATED នៃសាធារណរដ្ឋហ្វីលីពីន។
ការផ្លាស់ប្តូរពីការដឹកជញ្ជូនតាមកុងតឺន័រ មកជាការដឹកទំនិញរាយតាមនាវាដោយផ្ទាល់ ជួយកាត់បន្ថយថ្លៃដើមឡូជីស្ទិកយ៉ាងច្រើន បង្កើនល្បឿននាំចេញ និងលើកកម្ពស់ភាពប្រកួតប្រជែងនៃអង្ករកម្ពុជាលើទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ថា នេះជាទំព័រថ្មីមួយសម្រាប់ឆ្នាំ២០២៦ ក្នុងការបើកច្រកទីផ្សារអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ដែលជាប្រទេសមានកោះច្រើន និងមានតម្រូវការនាំចូលអង្ករខ្ពស់ការសម្របសម្រួលដឹកជញ្ជូនទំនិញរាយលើកនេះ បានបង្ហាញពីសមត្ថភាព និងការប្រើប្រាស់សក្តានុពលកំពង់ផែទឹកជ្រៅឱ្យអស់លទ្ធភាព ស្របតាមគោលនយោបាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕