កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាតអញ្ជើញជួប ពិភាក្សាការងារដើម្បីពង្រឹងសម្ព័ន្ឋមេត្រីភាពជាមួយថ្នាក់ដឹកនាំយោធភូមិភាគទី៥

ខេត្តបាត់ដំបង÷ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥  ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ព្រមទាំងថ្នាក់ដឹកនាំ យោធភូមិភាគទី៥ អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ដែលអញ្ជើញប្រជុំពិភាក្សាការងារដើម្បីពង្រឹងសម្ព័ន្ឋមេត្រីភាព នៅទីបញ្ជាការយោធភូមិភាគទី៥។

ឧត្តមនាវីទោ ខ្វាន់ឆៃ ខាំសុម មេបញ្ជាការរង កងពារព្រំដែនច័ន្ទបុរី-ត្រាត បានសម្តែងនូវមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយ សេនាធិការ យោធភូមិភាគទី៥ ដែលទទួលរាក់ទាក់យ៉ាងកក់ក្ដៅចំពោះ រូបលោក ព្រមទាំងគណៈប្រតិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ក្នុងកិច្ច ប្រជុំពិភាក្សាលើកនេះ ជាការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីយើងទាំងពីរដែលមានភូមិផងរបង ជាមួយគ្នា។ ការមកបំពេញទស្សនកិច្ចនៅទីបញ្ជាការក្នុងថ្ងៃនេះ គឺដើម្បីអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងទំនាក់ ទំនងពិភាក្សាការងារគ្រប់យ៉ាងជាមួយគ្នាដែលយោធ ភូមិភាគទី៥ និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-
ត្រាត ជាអង្គភាពដែលមានតំបន់ទទួលខុសត្រូវតាមបណ្ដោយព្រំដែនជាប់គ្នា ២ខេត្ត គឺខេត្តច័ន្ទបុរី និងខេត្តត្រាត ដោយសារការទំនាក់ទំនងល្អ និងកិច្ចសហ ប្រតិបត្តិការល្អជាមួយគ្នានេះហើយ ទើបធ្វើឱ្យបញ្ហានានាដែលកើតឡើងនៅតាមបណ្ដោយព្រំដែននៃខេត្តយើងទាំងពីរត្រូវបានដោះស្រាយដោយរលូននិងជោគជ័យ។

ឧត្តមសេនីយ៍ទោ បានបន្តទៀតថា នៅក្នុងកិច្ចប្រជុំពិភាក្សារបស់យោធភូមិភាគទី៥ ជាមួយកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាតក្នុងថ្ងៃនេះ គឺបង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភក្កិដ៏ល្អតាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅ យើងនឹងឈានទៅមុខជាមួយគ្នាក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែននៃប្រទេសយើងទាំងពីរឲ្យរស់នៅដោយភាពសុខសាន្ត៕