កងទ័ពជើងទឹកភូមិន្ទកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់នាវាចម្បាំងឥណ្ឌា INS Kulish នៅមូលដ្ឋានសមុទ្ររាម
ខេត្តព្រះសីហុ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា INS Kulish (P63) ប្រភេទនាវា CORVETTE បានចូលចតដោយសុវត្ថិភាពនៅមូលដ្ឋានសមុទ្ររាម ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងពិធីទទួលស្វាគមន៍ ភាគីកម្ពុជាត្រូវបានដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម តំណាងកងទ័ពជើងទឹកភូមិន្ទកម្ពុជា ព្រមទាំងមានការចូលរួមពីនាយនាវី និងយោធិនជាច្រើនរូប ដោយឡែក ភាគីនាវាចម្បាំងឥណ្ឌា ត្រូវ បានដឹកនាំដោយ លោកវរនាវីទោ Suraj Kumar Singh មេបញ្ជាការនាវា រួមដំណើរដោយនាយនាវីចំនួន ១២នាក់ និងនាវឹកចំនួន ១២០នាក់ (សរុប ១៣១នាក់) ពិធីទទួលស្វាគមន៍នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងសម្ដែងនូវមិត្តភាពយ៉ាងជ្រាលជ្រៅរវាងកងទ័ពនៃប្រទេសទាំងពីរ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ កងទ័ពជើងទឹកទាំងពីរ (កម្ពុជា-ឥណ្ឌា) នឹងជួបពិភាក្សាការងារជាលក្ខណៈមិត្តភាព ដើម្បីបង្កើនទំនាក់ទំនង ក៏ដូចជាធ្វើលំហាត់ផ្លាស់ប្តូរបទពិសោធនិងគ្នាទៅវិញទៅមក។
ដំណើរទស្សនកិច្ចរបស់នាវា INS Kulish (P63) មកកាន់កម្ពុជានិងបណ្តាប្រទេសក្នុងតំបន់អាស៊ាននាពេលនេះ គឺស្ថិតក្នុងក្របខ័ណ្ឌនៃ «កិច្ចសហប្រតិបត្តិការលម្ហសមុទ្រ អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៦» ដោយផ្តោតសំខាន់លើការរពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខផ្លូវទឹក ការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ ក្នុងតំបន់។
ចំពោះបច្ចេកទេសរបស់នាវាចម្បាំងនេះមានលក្ខណៈ
ប្រវែងបណ្តោយ៖ ៩១.១៦ ម៉ែត្រ
ទទឹង៖ ១០.៣៦ ម៉ែត្រ
ជម្រៅទឹក៖ ៤.២៧ ម៉ែត្រ
ទម្ងន់ផ្ទុក៖ ១,៤៤៩ តោន
ល្បឿនអតិបរមា៖ ៤៦.៣ គីឡូម៉ែត្រ

អត្ថបទ មនសូត្រ
ថត ដោយ អ៊ូ ជោត


