កងកម្លាំងការពារព្រំដែន និងជនភៀសសឹក ៦០០គ្រួសារ នៅខេត្តឧត្តរមានជ័យ ទទួលអំណោយពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ

ខេត្តឧត្តរមានជ័យ៖ កាលពីព្រឹកថ្ងៃទី១៤​ខែសីហា ឆ្នាំ២០២៥ កងកម្លាំងនគរបាលការពារព្រំដែន និងប្រជាពលរដ្ឋភៀសសឹកចំនួន ៦០០គ្រួសារ ដែលឈរជើងនៅតាមព្រំដែន ក្នុងខេត្តឧត្តរមានជ័យ បានទទួលអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូ ជាពិសេស ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ ដែលបានចំណាយពេលវេលា និងនាំយកអំណោយដ៏ច្រើនសន្ធឹកសន្ធាប់មកចែកជូនដល់កងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ថា   ​ជាការពិតណាស់ នៅក្នុងសភាពការណ៍ដ៏តានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការការពារទាំងអធិបតេយ្យជាតិ និងសុខមាលភាពរបស់ប្រជាពលរដ្ឋខ្លួន
ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។​
អំណោយទាំងនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំពោះសុខទុក្ខរបស់កងកម្លាំង និងជាការដឹងគុណចំពោះវីរភាពអង់អាចក្លាហានរបស់វីរកងទ័ព ដែលបានលះបង់គ្រប់បែបយ៉ាង រួមទាំងជីវិត ដើម្បីការពារមាតុភូមិពីការឈ្លានពានរបស់កងទ័ពថៃនាពេលកន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា៖ “ការបូជាជីវិត និងស្មារតីរបស់ពួកគាត់ គឺជារឿងដ៏សំខាន់ដែលមិនអាចបំភ្លេចបាន កូនចៅជំនាន់ក្រោយត្រូវយល់ដឹងពីប្រវត្តិសាស្ត្រ និងការលះបង់របស់វីរកងទ័ព ដើម្បីបន្តការចងចាំនេះជារៀងរហូត។
ជាមួយគ្នានេះ ឯកឧត្តម ឃឹង សារ៉ាត់ ក៏បានគូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើយន្តការច្បាប់ និងការគោរពទាំងស្រុងនូវកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីកន្លងទៅ ដើម្បីឈានទៅរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ និងនិរន្តរភាព។ក្នុងអំឡុងពេលចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក, ឯកឧត្តម ឃឹង សារ៉ាត់ បានមានប្រសាសន័សារដ៏មានសារៈសំខាន់ ដោយបានណែនាំ និងក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាអនាម័យ ដើម្បីធានាសុខភាពក្នុងអំឡុងពេលរស់នៅបណ្ដោះអាសន្ន។
ថ្លែងទៅកាន់បងប្អូនជនភៀសសឹកជាច្រើនគ្រួសារ ឯកឧត្តមបានសម្ដែងនូវការយល់ចិត្តចំពោះការលំបាក និងបញ្ហាប្រឈមដែលគ្រប់គ្នាកំពុងជួបប្រទះ ទន្ទឹមនឹងនោះ ឯកឧត្តមបានគូសបញ្ជាក់ថា បញ្ហាសុខភាពគឺជាកត្តាចម្បងបំផុតដែលមិនអាចមើលរំលងបានឡើយ ជាពិសេសនៅក្នុងបរិបទនៃការរស់នៅជុំគ្នាជាសហគមន៍ក្នុងជំរំ។
ឯកឧត្តម ក៏បានអំពាវនាវឱ្យមានការសាមគ្គីគ្នា សម្អាតបរិស្ថានជុំវិញកន្លែងស្នាក់នៅរួមគ្នា និងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសរស់នៅប្រសើរ និងមានសុវត្ថិភាពផ្នែកសុខភាព។
បន្ថែមពីនេះ ឯកឧត្តមបានសន្យាថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនឹងបន្តខិតខំស្វែងរកដំណោះស្រាយ ក៏ដូចជាផ្តល់ជំនួយចាំបាច់បន្ថែមទៀត រួមទាំងការគាំទ្រផ្នែកសេវាសុខាភិបាល ដើម្បីធានាថាបងប្អូនជនភៀសសឹកទាំងអស់ទទួលបានការស្នាក់ប្រកបដោយភាពកក់ក្ដៅ។
អំណោយដែលបានប្រគល់ជូនក្នុងឱកាសនោះរួមមាន៖
* ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ៖ អង្ករ ១០តោន, ទឹកសុទ្ធ ៤០កេស, ធូបមូស ៤០កេស, តង់ ២០ប៉ាវ, ម៉ាស់ ១៥កេស, បារី ១៥កេស, សាច់ងៀត ២០០គីឡូក្រាម និងថវិកា ៥លានរៀល ឧបត្ថមដល់ប៉ូលីសរងរបួសចំនួន៥នាក់ ម្នាក់៤០ម៉ឺនរៀល ជនភៀសសឹក ៦០០គ្រួសារ៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប, មី ១០កញ្ចប់ ឆៃប៉ូវ១គីឡូ ថវិកា ២០,០០០រៀល  និងឧបត្ថមដល់គណៈបញ្ជាការខេត្តចំនួន៥លានរៀលផងដែរ