កងកម្លាំងការពារព្រំដែនទិសខេត្តព្រះវិហារ ជាពិសេសជនភៀសសឹកចំនួន៥០០គ្រួសារទទួលអំណោយពីតំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងជំទាវ  ឆាយ សាលីន តំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  និងសហការីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននាំយកអំណោយដ៏ថ្លៃថ្លាមកចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន និងជនភៀសសឹក ឋិតក្នុងវត្តឧត្តរគីរីទួលអណ្តែត ខេត្តព្រះវិហារ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងឯកឧត្តម មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានសម្តែងអំណរគុណយ៉ាងជ្រាវជ្រៅជូនដល់គណៈប្រតិភូទាំងអស់ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់  និងលោកជំទាវ ដែលបាននាំយកអំណោយយ៉ាងច្រើនសន្ធិកសន្ធាប់មកប្រគល់ជូនដល់កម្លាំងការពារព្រំដែន ដែលអំណោយទាំងនេះពិតជាមានសារសំខាន់ណាស់សម្រាប់ផ្គត់ផ្គង់ដល់កម្លាំងជួរមុខ។ 

ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

មានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លារបស់ឯកត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ  គឺបង្ហាញអំពីការយកចិត្តទុកដាក់ពីសុខទុក្ខ និងជាការដឹងគុណចំពោះភាពអង់អាចក្លាហានរបស់វិរកងទ័ពដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន និងហានពលីគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិពីការឈ្លានពានរបស់សំណាក់កងទ័ពថៃនាពេលកន្លងមក។

ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ការបូជាជីវិត និងស្មារតីរបស់ពួកគាត់គឺជារឿងដ៏សំខាន់ដែលមិនអាចបំភ្លេចបាន។

វីរៈកងទ័ពជួរមុខបានលះបង់កម្លាំងកាយចិត្ត និងជីវិតដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពីការឈ្លានពានរបស់កងទ័ពថៃ។ ការប្រយុទ្ធដ៏ស្វិតស្វាញរបស់ពួកគាត់បានបង្ហាញពីមោទកភាពជាតិ និងឆន្ទៈដ៏មុតមាំក្នុងការការពារមាតុភូមិ ទង្វើនេះមិនត្រឹមតែការពារព្រំដែនប៉ុណ្ណោះទេ ថែមទាំងថែរក្សាសន្តិភាព និងអធិបតេយ្យភាពរបស់ជាតិផងដែរ។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា កូនចៅជំនាន់ក្រោយត្រូវយយល់ដឹងពីប្រវត្តិសាស្រ្ត និងការលះបង់របស់វីរៈកងទ័ព ដើម្បីបន្តការចងចាំនេះជារៀងរហូត។

វីរៈកងទ័ពជួរមុខគឺជាវីរបុរសពិតៗ ដែលសមនឹងទទួលបានការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការបូជាជីវិតរបស់ពួកគាត់ នឹងចង់ចាំស្ថិតនៅក្នុងដួងចិត្តប្រជាជនកម្ពុជាជារៀងរហូត។

ឯកឧត្តម ឃឹង សារ៉ាត់  ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរដ៏រឹងមាំ និងមិនផ្លាស់ប្តូររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក្រោយពីមានការឯកភាពគ្នាស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅតាមបណ្តោយតំបន់ព្រំដែនកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានអះអាង អំពីគោលជំហររបស់ខ្លួនដែលផ្អែកលើគោលការណ៍ចម្បងពីរគឺ យន្តការច្បាប់ និង ការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីឆ្ពោះទៅរកដំណោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិភាព យុត្តិធម៌ និងនិរន្តរភាព។ 

អំណោយដែលឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ  ត្រូវយកមកប្រគល់ជូនក្នុងឱកាសនោះរួមមាន ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទទួលបានអង្ករចំនួន ១០តោន ទឹកសុទ្ធ ៤០កេស ធូបមូស ៤០កេស តង់ចំនួន២០ប៉ាវ  ម៉ាស់ ១៥កេស បារី១៥កេស សាច់ងៀតចំនួន ២០០គីឡូ និងថវិកាចំនួន ៥លានរៀល ជូនដល់បញ្ជាការដ្ឋានអង្គរក្ស រួមមាន អង្ករ ៥តោន ទឹកសុទ្ធ១០កេស គ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកា៥លាន ជូនដល់ជនភៀសសឹកចំនួន៥០០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា១ដប មី១០កញ្ជប់ និងថវិកា២០,០០០រៀល ប្រគេនដល់ព្រះសង្ឃវត្តឧត្តរគីរីទួលអណ្តែត១លានរៀល និងឧបត្ថមដល់គណៈបញ្ជាការខេត្តចំនួន៥លានរៀល។