ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ អញ្ជើញជាសម្ពោធដាក់ឲ្យប្រើសប្រាស់ជាផ្លូវការអាគារទីចាត់ការ និងសាលប្រជុំ នៃសាលាបឋមសិក្សានិងអនុវិទ្យាល័យអង្គប្រជុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពូន និងលោកជំទាវ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារទីចាត់ការ អគារសាលប្រជុំ និងជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណ៧០០នាក់ កាលពីព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអង្គប្រជុំ ឋិតក្នុងឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
បើតាមរបាយការណ៍ស្វាគមន៍របស់លោកអភិបាល នៃគណៈអភិបាលស្រុកកញ្រ្ជៀច បានបញ្ជាក់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងដោយមានឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្រ្ជៀច និងស្រុកកំចាយមារ ជាការគួរឲ្យកត់សំគាល់វិស័យអប់រំក្នុងស្រុកមានការរីកចម្រើន ដោយបច្ចុប្បន្នស្រុកមានសាលារៀនចំកំរិតសិក្សារដ្ឋចំនួន៤៥កន្លែង មានអាគារសិក្សាចំនួន១០៩ខ្នងស្មើនឹង៤៥៣បន្ទប់ មានគ្រូសរុបចំនួន៣៦៩នាក់ ស្រី១៤៩នាក់ គ្រូជាប់កិច្ចសន្យា៩២នាក់ និងគ្រូមតេយ្យសហគមន៍មាន៥០នាក់។ ដោយឡែកសម្រាប់សាលាបឋមសិក្សា និងអនុវិទ្យាល័យអង្គប្រជុំ ក៏បានទទួលអាគារទីចាត់ការចំនួន២បន្ទប់ សាលប្រជុំ១បន្ទប់ និងសួនច្បារនៅមុខអាគារផងដែរ ដោយចំណាយថវិកាសាងសង់សរុបចំនួន៧៨,០០០ដុល្លា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា
ការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគារទីចាត់ការ និងសាលប្រជុំនៅថ្ងៃនេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពួនស្រុកកញ្ច្រៀចក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ដល់វិស័យអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ឃឹង សារ៉ាត់ មានប្រសាសន៍បន្ថែមទៀតថាការកសាងទីចាត់ការ និងសាលប្រជុំ នាពេលនេះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោដរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ ដែលមានសម្ដេចអគ្គមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ដោតទៅលើការពង្រឹងគុណភាពអប់រំ ការបណ្ដុះបណ្ដាលជំនាញ និងការលើកកម្ពស់សុខុមាលភាពប្រជាជន ។
ឯកឧត្តម ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា នៅក្នុងអតីតកាលដ៏ខ្មៅងងឹតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ប្រជាជនកម្ពុជាគឺមិនមានឱកាសក្នុងការទទួលយកការអប់រំសិក្សាដើម្បីទទួលបាននូវចំណេះដឹងនោះឡើយ ពោលគឺសូម្បីតែសិទ្ធិរស់រានមានជីវិត ក៏មិនទទួលបានផងដែរ។ ដោយឡែក ដោយមានការខិតខំប្រឹងប្រែង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្ដូរយកសន្តិភាពជូនជាតិមាតុភូមិ ជាពិសេសជូនប្រជាជនកម្ពុជាទាំងមូល ទើបក្មួយៗជាសិស្សានុសិស្សអាចមានឱកាសចូលសិក្សា រៀនសូត្រក្រេបយកចំណេះដឹង ប្រកបដោយគុណភាព នាពេលនេះ។ ជាមួយគ្នានេះសន្តិភាពបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជឿនលឿនឥតឈប់ឈរលើកគ្រប់វិស័យ ដូច្នេះបើទោះជាស្ថិតក្នុងតម្លៃណាក៏ដោយយើងទាំងអស់គ្នាត្រូវតែការពារសន្តិភាពដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះឱ្យស្ថិតថេរគង់វង្សតទៅអនាគតដោយមិនឲ្យជនណាម្នាក់មកបំផ្លាញសន្តិភាពដែលកំពុងមាននេះឡើយ។
ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ដើម្បីឲ្យកម្ពុជាឃ្លាតផុតពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលធម្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ គឺទាមទារអោយកម្ពុជាមានធនធានមនុស្ស ប្រកបដោយគុណធម៌ សមធម៌ និងចរិយាធម៌ ដូចច្នេះសូមក្មួយៗសិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយបញ្ហាគ្រឿងញៀនជាបញ្ហាសង្គមមួយដ៏រ៉ាំរៃ និងស្មុគស្មាញដែលបង្ករអោយមានជាអំពើហឹង្សា និងឧក្រឹដ្ឋកម្មផ្សេងៗកើតឡើងជាច្រើនដល់សង្គមជាតិរួមនិងមនុស្សទូទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយសំដៅធ្វើយ៉ាងណាអោយកម្ពុជា ក្លាយជាប្រទេសដែលគ្មានគ្រឿងញៀនតទៅទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ បាននាំយកអំណោយមកចែកជូនកងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៧០០នាក់ ដែលចំណាយថវិការសរុបប្រមាណជាង១៤លាន៥សែនរៀល។