ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត ។

ជាកិច្ចជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Bridgette Walker និងសហការី ដែលបានចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រ កម្ពុជា ដែលជានិច្ចកាលតែងតែខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យបានកាន់តែល្អ ប្រសើរ ដែលរួមចំណែកយ៉ាងធំធេងក្នុងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពើគោលដៅកម្ពុជាក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ និងគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។ ក្នុងការសម្រេចគោលដៅនេះ, កម្ពុជាត្រូវការរក្សាឲ្យបាននូវ  កំណើនសេដ្ឋកិច្ចខ្ពស់ ពិពិធកម្មសេដ្ឋកិច្ច និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសការទាញយកសក្តានុពលនៃមូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឲ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលមួយនេះ ។  សហអាម៉េរិក ជាដៃគូសហការដ៏ល្អប្រសើរ និងទីផ្សារដ៏ធំរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងការជួយបង្កើនកំណើន សេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមកម្ពុជា ។

លោកស្រី Bridgette Walker បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការឆ្លៀតពេលវេលាដ៏មមាញឹករបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងបានសម្តែងនូវការសាទរចំពោះ កម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគឯកជន ។ ជាមួយគ្នានេះ, លោកស្រី ក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ (Scams), សន្តិសុខអ៊ីនធឺណែត (Cyber Security) និងហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណែតដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់ ។ លោកស្រី ក៏បានជម្រាបជូនថា ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានបង្ហាញជំហរផ្ដល់ការគាំទ្រជាជំនួយបច្ចេកទេសដល់កម្ពុជាពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងបង្កើនភាពធន់នៃវិស័យហិរញ្ញវត្ថុ ។

ជាមួយគ្នានេះ, ភាគីទាំងពីរក៏បានពិភាក្សាអំពីករណីអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋ អាមេរិក, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនថា កម្ពុជា បានខិតខំរៀបចំ និងដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះ ទំនាក់ ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដូចជាបានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួល ទំនាក់ ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែល មាន ឯកឧត្តមឧបនាយករដ្ឋ មន្ត្រី   ស៊ុន ចាន់ថុល ជាប្រធាន និងបានត្រៀមលក្ខណៈរួចរាល់ ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក អំពីការអនុវត្តពន្ធគយបដិការ(Reciprocal Tariffs) ជុំទី ២ នៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយនេះ ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្ត ខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្រ្កាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើម កំណើត ទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ប្រកប ដោយតម្លាភាពសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារ សហ រដ្ឋអាម៉េរិក ។ ជាក់ស្តែង, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវប្រកាសអន្តរក្រសួងរវាង ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធាន ការ សម្រាប់បង្ការ និងទប់ស្កាត់ការក្លែង បន្លំដើមកំណើតទំនិញ សម្រាប់ ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកា សរបស់ ក្រសួងពាណិជ្ជកម្ម ស្ដីពីនីតិវិធីក្នុងការស្នើសុំ និងការចេញ លិខិត អនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយ ចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកដើម្បីជំរុញទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាដើម ។

ជាចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងប្រជាជនអាម៉េរិក ដែលបាន និងបន្ដគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្មថែមទៀត ។