ឯកឧត្តម ឡាវ វ៉ាន់៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត តែងតែផ្តល់ភាពកក់ក្តៅ ដល់និស្សិតកម្ពុជាសិក្សា នៅក្រៅប្រទេស

កាលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធាន សមាគម អ.ម.ត បានចាត់តាំង ក្រុមការងារដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យ គ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការ អាហារូបករណ៍ និងជាប្រធាន ការិយាល័យ កិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំក្រុមការងារ បំពេញបេសកកម្ម នៅសាធារណរដ្ឋ ប្រជាមានិតចិន ។

ដំណើរបេសកម្ម របស់ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យ កិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត នៅសាធារណរដ្ឋ ប្រជាមានិតចិន មានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ១៧-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅកាន់ខេត្តក្រុងចំនួន ៥ រួមមាន ប៉េកាំង គុនមីង ក្វាងចូវ ណាននីង និងអានហ៊ួយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយដៃគូ ផ្តល់អាហារូបករណ៍។

ក្នុងដំណើរបេសកកម្ម គណៈប្រតិភូ ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពី សំណាក់ថ្នាក់ដឹកនាំ ស្ថានទូត, ស្ថានអគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូ ពាក់ព័ន្ធរួមមាន មន្ទីរអប់រំ ខេត្ត សមាគម សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា នៃសាធារណរដ្ឋ ប្រជាមានិតចិន សរុបប្រមាណ ២១ស្ថាប័ន ដែលបានជួបពិភាក្សាការងារ។

លើសពីនេះទៅទៀត តាមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ប្រធានគណៈកម្មាធិការ អាហារូបករណ៍ និងសមាគម អ.ម.ត ក្រុមការងារ បានជួបសំណេះសំណាល និស្សិតកម្ពុជា ក្រុងប៉េកាំ ប្រមាណ៣០០នាក់ ខេត្តអានហ៊ួយ ប្រមាណ ៦០នាក់ និងនៅតាមបណ្តាលគោលដៅផ្សេងៗទៀត ដើម្បីស្វែងយល់ ពីសុខទុក្ខ, ការសិក្សា, ការរស់នៅ និងបញ្ហាប្រឈមនានា របស់និស្សិតសំដៅធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងជួយសម្របសម្រួលឱ្យអស់លទ្ធភាព ដើម្បីឱ្យនិស្សិត អាចបញ្ចប់ការសិក្សា ដោយជោគជ័យ នឹងក្លាយជាធនធានមនុស្សកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលការអភិវឌ្ឍធនធានមនុស្ស ជាកត្តាគន្លឹះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងន័យនេះ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងបន្តចូលរួមគាំទ្រ ដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និយាយជារួម និងនិយាយដោយឡែកគឺ បញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តល់នូវ អាហារូបករណ៍ ដល់សិស្ស-និស្សិតកម្ពុជា ទៅបន្តការសិក្សា នៅក្នុង និងក្រៅប្រទេស នៅថ្នាក់ឧត្តមសិក្សា ៕