ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ការប្រកួតបាល់ទាត់ ពានរង្វាន់មិត្តភាព យុវជនអន្តរក្រសួង ស្ថាប័ន នឹងប្រកួតប្រជែងខ្ពស់ជាងឆ្នាំកន្លទៅ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន លើកទី១០ ឆ្នាំ ២០២៥ នឹងមានកម្រិតនៃការប្រកួតប្រជែងខ្លាំង និងខ្ពស់ជាងការប្រកួតកន្លងមក។ ហើយ ឯកឧត្តម ប្រធាន ហ៊ុន ម៉ានី បានកោតសរសើរ ដល់អ្នករៀបចំ ការប្រកួត ដែលខិតខំប្រឹងធ្វើឱ្យការប្រកួត កាន់តែមានភាពទាក់ទាញ និងកម្រិតការប្រកួតប្រជែង ព្រមទាំងក្រុម ដែលចូលរួមខំប្រឹងពង្រឹងសមត្ថភាពរៀងៗខ្លួន។
ការថ្លែងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កីឡាបាល់ទាត់មិត្តភាព យុវជនអន្តរក្រសួង ស្ថាប័ន លើកទី១០ ឆ្នាំ ២០២៥ រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីក្តីរំពឹងថា ការប្រកួតនឹងមានកម្រិតការប្រកួតកាន់តែខ្លាំងជាការប្រកួតឆ្នាំកន្លងទៅ ខណៈក្រុមជាច្រើនបានពង្រឹងសមត្ថភាពរៀងៗខ្លួន ដើម្បីប្រជែងក្លាយជាក្រុមជើងឯក។ ឯកឧត្តម ប្រធាន ស ស យ ក ក៏បានលើកឧទាហរណ៍ក្រុមមួយចំនួន បាននាំយកគ្រូបង្វឹកមានសមត្ថភាព ដើម្បីមកដឹកនាំក្រុមរៀងៗខ្លួន តួយ៉ាងក្រសួងមុខងារសាធារណៈ ដែលមានលោកជារដ្ឋមន្ត្រី ក៏បានរកគ្រូបង្វឹកថ្មីមកពង្រឹងក្រុមដូចគ្នា ដើម្បីជំនួសដល់កម្រិតការប្រកួតប្រជែងរបស់ក្រុម ឱ្យកាន់តែមានភាពខ្លាំងក្លា និងការប្រកួតទាក់ទាញ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន ឆ្នាំ ២០២៥ មាន ៣៥ក្រុមចូលរួមប្រកួត ដោយក្រុមក្រសួងកិច្ចការនារី ក្រសួងអធិការកិច្ច និង អគ្គលេខាធិការដ្ឋានរដ្ឋសភា បានវិលត្រឡប់មកវិញជាថ្មី។ ការប្រកួតលើកទី៩ កាលឆ្នាំ ២០២៤ មានក្រុមចូលរួមចំនួន ៣៤ក្រុម។ គោលបំណងនៃការបង្កើតពានរង្វាន់នេះឡើង ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាពការរាប់អាន រវាងយុវជនតាមក្រសួង និងស្ថាប័នរដ្ឋនានា និងដើម្បីលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការ និងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
ជាមួយនឹងថ្ងៃបើកការប្រកួតនេះផងដែរ ក៏មានការប្រកួតបើកឆាកចំនួន ២គូ ផងដែរ ដោយក្រសួងការពារជាតិ បានយកឈ្នះលើក្រុមការពារតំណែងជើងឯក ក្រសួងអប់រំ យុវជន និងកីឡា លទ្ធផល ១ -០ មុនពេលដែលក្រុមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា យកឈ្នះលើក្រុម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៣-២។
គួរបញ្ជាក់ថាក្រុមទាំង ៣៥ ត្រូវបានចាប់បែងចែកចេញជា ៨ ពូល ចាប់ពីពូល A រហូតដល់ពូល H ប៉ុន្តែ នៅ ពូល F, G, H គឺតម្រូវឱ្យមានក្រុមចំនួន ៥ ចូលរួមប្រកួតប្រជែង។ កាលពីឆ្នាំ២០២៤ ក្រុមក្រសួងអប់រំ យុវជន និងកីឡា ជាម្ចាស់ជើងឯក ហើយកាលនោះមានក្រុមចូលរួមចំនួន ៣៤ក្រុម៕