ឯកឧត្តម ហែម វណ្ណឌី អញ្ជើញចុះពិនិត្យទីតាំងផលិតទឹកស្អាតក្នុងខេត្តកំពង់ធំ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះពិនិត្យទីតាំងផលិតទឹកស្អាតទាំងពីរ ក្នុងស្រុកបារាយណ៍ និងស្រុកស្ទោងនៃខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ។

នៅក្នុងស្រុកបារាយណ៍ ឯកឧត្តម បានចុះពិនិត្យទីតាំងប្រតិបត្តិករទឹកស្អាតឯកជនរបស់លោក ឆេង ចាន់ធឿន និងបានជំរុញឱ្យប្រតិបត្តិករយកចិត្តទុកដាក់ពង្រីកបណ្តាញ ជំរុញការតភ្ជាប់ និងលើកទឹកចិត្តឱ្យរៀបចំផែនទីបណ្តាញទុយោក្នុងទម្រង់ឌីជីថល ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការគ្រប់គ្រង កាត់បន្ថយការលេចធ្លាយ និងការខូចខាតដែលអាចបង្កដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

ឯកឧត្តម ក៏បានចុះពិនិត្យការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី តាំងក្រសាំង ដែលទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក។ រោងចក្រប្រព្រឹត្តិកម្មដែលចាប់ផ្តើមការសាងសង់ក្នុខែកក្កដា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ នេះ មានសមត្ថភាពផលិតទឹកស្អាតចំនួន ៤.៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ មានបណ្តាញចែកចាយទឹកស្អាតប្រវែង ១២៦,៤ គីឡូម៉ែត្រ សម្រាប់ផ្តត់ផ្គង់ដល់មូលដ្ឋានអាជីកម្ម និងប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ ៦.០០០ គ្រួសារ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ គោលដៅរបស់យើងគឺផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស ពិសេសភូមិដែលនៅជិតតំបន់សេវា។ ទឹកស្អាតមានសារៈសំខាន់ មិនត្រឹមតែសម្រាប់សុខភាពសាធារណៈប៉ុណ្ណោះទេ តែក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការទាក់ទាញសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគសម្រាប់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ ៕