ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា បញ្ហាសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត គឺជាកិច្ចការ អាទិភាពមួយរបស់ក្រសួងការងារ ជាពិសេសក្រោមការយកចិត្តទុកខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត 

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា បញ្ហាសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត គឺជាកិច្ចការ អាទិភាពមួយរបស់ក្រសួងការងារ ជាពិសេសក្រោមការយកចិត្តទុកខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង ” យុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ” នៅទីតាំងរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ និងដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងអ្នកចូលរួមមកពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងកម្មករនិយោជិត សរុបចំនួនជិត ៤០០០នាក់។

ដោយមានកិច្ចសហការពីក្រសួងសុខាភិបាល នាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំយុទ្ធនាការរួមគ្នានេះឡើង ដើម្បីចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត ព្រមទាំងចូលរួមបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង នៅតាមសហគ្រាស គ្រឹះស្ថាន។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា បញ្ហាសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត គឺជាកិច្ចការ អាទិភាពមួយរបស់ក្រសួងការងារ ជាពិសេសក្រោមការយកចិត្តទុកខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំយុទ្ធនាការនេះ នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាព ដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ សម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺឆ្លង ឆ្នាំ២០២២-២០៣០ ដែលបង្ហាញអំពីវិធានការឆ្លើយតបរបស់រាជ រដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហាប្រឈមដែលកំពុងតែកើនឡើងទាក់ទងនឹងជំងឺបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅ កន្លែងធ្វើការ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា÷ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរអំពី សុខភាព សុខទុក្ខ សិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ និង ការបង្កើនប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតទាំងអស់។ ជាក់ស្តែង ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្រសួងបានជំរុញកម្មវិធីអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារដល់ កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន រួមទាំងការបង្ការជំងឺឆ្លង និងមិនឆ្លង, ការបោះពុម្ព សារអប់រំរបស់ក្រសួងសុខាភិបាលផងដែរ។ 

មុននឹងបញ្ចប់មតិសំណេះសំណាល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងនាំមកនូវថវិកាឧបត្ថម្ភដល់បងប្អូនកម្មករនិយោជិតដែលបម្រើការងារនៅនៅទីតាំងរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ហើយកំពុងមានផ្ទៃពោះចាប់ពី៣ខែឡើងទៅទាំងអស់មានចំនួន ២៥៤ នាក់ ក្នុងម្នាក់ៗថវិកា១០០ដុល្លា និងបងប្អូនកម្មករនិយោជិតជាង៣០០០នាក់ផ្សេងទៀតដែលបានចូលរួមម្នាក់ៗថវិកា ២មុឺនរៀល ។ 

នៅក្នុងឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍លើកឡើងឲ្យដឹងដែរថា យុទ្ធនាការនេះ ពិតជាមានសារៈសំខាន់ ដើម្បីបង្កើនការយល់ដឹងអំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង និងវិធីសាស្ត្របង្ការ ដល់កម្មករ និយោជិត ដូចនេះកម្មករនិយោជិត និងប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តគោលការណ៍ណែនាំស្តីពីអាហារូបត្ថម្ភជាតិ ដើម្បីលើកទឹកចិត្តដល់ការទទួលទានអាហារដែលនាំឱ្យមានសុខភាពល្អ (ដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ) និង កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និងអាហារកែច្នៃដែលមានផ្ទុកជាតិស្ករ អំបិល ខ្លាញ់ ឬប្រេងច្រើន និងការលើកកម្ពស់សកម្មភាពរាងកាយ តាមរយៈយុទ្ធនាការសុខភាពសាធារណៈរួមទាំងកម្មវិធីហាត់ប្រាណនៅតាមសហគមន៍ និងនៅកន្លែងធ្វើការ។ លើកកម្ពស់យុទ្ធនាការប្រឆាំងការជក់បារី រួមទាំងការបង្កើនពន្ធលើថ្នាំជក់ ការហាមឃាត់ការ ជក់បារីជាសាធារណៈ និងការគាំទ្រការបញ្ឈប់ការជក់បារី ។ អនុវត្តយុទ្ធនាការសុខភាពសាធារណៈដើម្បីកាត់បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់ និងគ្រប់គ្រងការលក់គ្រឿងស្រវឹង ជាពិសេសចំពោះយុវវ័យ។