ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ អគ្គនាយករងក្រុមហ៊ុន One Tv Media Global Group Ltd ប្រទេសចិន ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា
ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក Pao Kevin អគ្គនាយករងក្រុមហ៊ុន One Tv Media Global Group Ltd និងតំណាងសមាគមជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដែលផ្តោតជាសំខាន់ខាងភាគីចិនសិក្សាស្វែងយល់អំពីឱកាសវិនិយោគលើវិស័យព័ត៌មាន និងសោតទសនៅកម្ពុជា ស្របតាមកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតឱ្យមានឱកាសវិនិយោគជាច្រើនពីសំណាក់ អ្នកវិនិយោគចិននៅកម្ពុជា។
នៅក្នុងនោះមានវិស័យជាច្រើនដែលអ្នកវិនិយោគចិនកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ហើយក្រុមហ៊ុនក៏សង្កេតឃើញថាវិស័យព័ត៌មាន និង សោតទស្សន៍កំពុងមានកំពុងតែមានសក្តានុពល និងជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជា តាមរយៈការបង្កើតមាតិកាព័ត៌មាននៅលើបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយឯកជនជាដើម។
លោក Pao Kevin បានជម្រាបជូនថាក្រុមហ៊ុន OneTV Media Group Limited គឺជាស្ថានីយ៍ទូរទស្សន៍ផ្កាយរណបដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដោយអាជ្ញាធរ ទំនាក់ទំនងនៃរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង។ ក្រុមហ៊ុន OneTV Media Group Limited មានប្រព័ន្ធផ្សាយផ្សព្វផ្សាយតាមផ្កាយរណប OneTV មានប្រសិទ្ធភាពគ្របដណ្តប់អ្នក មើលទូរទស្សន៍ប្រមាណ ៥៤០លាននាក់ នៅអាស៊ីប៉ាស៊ីហ្វិក។ ក្នុងឱកាសនោះដែរ តំណាងក្រុមហ៊ុនបានជម្រាបពីបំណងធ្វើការសិក្សា និង នាំយកការវិនិយោគវិស័យព័ត៌មាន និងសោតទស្សន៍មកកម្ពុជា ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ពាណិជ្ជកម្ម និងភាពរីកចំរើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ លោក Pao Kevin និងតំណាងសមាគមជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន ដែលជាការចូលរួមយ៉ាងសំខាន់របស់វិស័យឯកជនលើវិស័យព័ត៌មានក្នុងការកសាងសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន OneTV Media Group Limited ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបឌីជីថលធំមួយនៅទីក្រុងហុងកុងនឹងនាំយកការវិនិយោគលើវិស័យផ្សព្វផ្សាយព័ត៌មានមកកម្ពុជា នាពេលខាងមុខ ដែលនឹងជួយជម្រុញឱ្យវិស័យព័ត៌មាននៅកម្ពុជាមានការីចចំរើនបន្ថែមទៀត ៕